Register Already an agent ? Login

លោក នេត្រ ភក្ត្រា ស្នើរដ្ឋបាលឃុំនិងស្រុក បញ្ឈប់ចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

កែប៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក បញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន។

ការស្នើរបស់ លោក នេត្រ ភក្ត្រា នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិ ស្ថាននិងធនធានធម្មជាតិនៅរដ្ឋបាលខេត្តកែប ដែលធ្វើកាលពីថ្ងៃទី១៥ ខែមីនា​ ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិដល់មន្ត្រីនៃស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធដែលមកពីខេត្តកែប និងខេត្តកំពត សរុបប្រមាណ ១៦០នាក់។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «គ្មានជនណាម្នាក់មានសិទ្ធិទិញ ឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនៅតាមបណ្ដាខេត្តនានាបានឡើយ»។ លោក បានស្នើសូមឱ្យពលរដ្ឋឈប់ចាញ់ បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រោះមិនមានការទទួលស្គាល់ឡើយ មិនតែប៉ុណ្ណោះអាចនឹងប្រឈមមុខនឹងវិធានការច្បាប់ថែមទៀតផង។

លោក រដ្ឋលេខាធិការរូបនេះ បានលើកឡើងថា មានក្រុមជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋដោយការជួលឱ្យទន្ទ្រានដីឱ្យខ្លួនលក់ក្នុងតម្លៃថោកៗ និងពេលខ្លះប្រើប្រាស់ពលរដ្ឋដើម្បីជាខែលក្នុងការតវ៉ាជាមួយអាជ្ញាធរដើម្បីស្នើសុំកាត់ឆ្វៀលដីឱ្យខ្លួនថែមទៀតផង។

នាឱកាសនោះ លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ក្រុមជនខិលខូចគួរបញ្ឈប់វប្បធម៌ចូលទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ហើយពេលខ្លះប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីទាមទារកាត់ឆ្វៀលដីមកធ្វើកម្មសិទ្ធិ។ លោក បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា «មានករណីមិនប្រក្រតីជាច្រើនត្រូវបានរកឃើញ ហើយសមត្ថកិច្ចបាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់»។

មន្រ្តីជាន់ខ្ពស់ក្រសួងដដែលនេះបានលើកឡើងបន្តថា ដើម្បីធ្វើការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព គឺតម្រូវឱ្យមានការចូលរួមចំណែកពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបអាចសម្រេចតាមផែនការនិងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងពិធីខាងលើ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក នៃ គង់ អភិបាលរងខេត្តកំពត បានលើកបញ្ជាក់ប្រហាក់ប្រហែលគ្នាថា វគ្គបណ្តុះបណ្តាលច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបញ្ជ្រាបការយល់ដឹងដល់ភាគីពាក់ព័ន្ធ ដើម្បីឱ្យមានការយល់ដឹងអំពីទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។ សំដៅឱ្យមានការចូលរួមទាំងអស់គ្នាក្នុងការការពារ និងអភិរក្សនិងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីជាឧត្តមភាពសម្រាប់កូនចៅជំនាន់ក្រោយនិងប្រទេសជាតិទាំងមូល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)