Register Already an agent ? Login

រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ន ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ នៅថ្ងៃទី១៩ ខែមីនានេះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែមីន ឆ្នាំ២០២២ បាន​ចុះពិនិត្យ​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោមចៅ ដែល​សម្រេច​បាន ៩៩ភាគរយ នៃ​គម្រោង​ទាំង​មូល ​នឹងដាក់​ឱ្យ​ដំណើរ​ការ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២។

ទំព័រហ្វេសប៊ុករបស់ លោក ​ឃួង ស្រេង បានបន្តថា នឹង​រៀបចំ​ពិធី​បើក​ដំណើរ​ការ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នា​ពេល​ឆាប់ៗនេះ ក្រោមអធិបតីភាព​របស់​សម្ដេច​អគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមរម្លឹកថា គម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ ជាគម្រោងរបស់រដ្ឋាភិបាលកម្ពុជា និងម៉ៅការសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល ៣០ខែ និងចំណាយថវិកា ២២លានដុល្លារ។ នៅពេលដែលសាងសង់រួចគម្រោងនេះ នឹងមានអាយុកាលប្រមាណជា ១០០ឆ្នាំ។

យោងទៅតាមផែនការមេ គម្រោងស្ថាបនានេះរួមមាន៖ ១-ស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរ ២ គន្លងទៅ ២ គន្លងមក និងជម្រាលស្ពាន៤,៥ម៉ែត្រ។ ២-ស្ពានអាកាសទីពីរ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅវេងស្រេង ប្រវែង៤០ម៉ែត្រ ។

៣-ជាស្ពានតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែង ៦០ម៉ែត្រ ទទឹង៥,២៥ម៉ែត្រ។ ៤-ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ និង ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមាន២ គន្លងរថយន្ត និង១ គន្លងទោចក្រយានយន្ត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)