Register Already an agent ? Login

លោក ជាម ច័ន្ទសោភ័ណ គ្រោងរៀបចំអភិវឌ្ឍន៍តំបន់ដើមពោធិ៍ទុំទាវ ជារមណីយដ្ឋានប្រវត្តិសាស្ត្រ ទាក់ទាញទេសចរណ៍ជាតិ-អន្តរជាតិ

ត្បូងឃ្មុំ៖ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ គ្រោងរៀបចំអភិវឌ្ឍន៍កែលម្អតំបន់ប្រវត្តិសាស្រ្តដើមពោធិ៍ទុំទាវ ជារមណីយដ្ឋានប្រវត្តិសាស្ត្រ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ បានបន្តថា កាលពីថ្ងៃទី១២ ខែ៣ ឆ្នាំ២០២២ លោក ជាម ច័ន្ទសោភ័ណ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ សិក្សាអំពីទីតាំងប្រវត្តិសាស្រ្តដើមពោធិ៍ទុំទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បានណែនាំដល់មន្ត្រីជំនាញទាំងអស់ត្រូវសិក្សារៀបចំទីតាំងប្រវត្តិសាស្រ្តមួយនេះឱ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសម្រាប់ ប្រជាពលរដ្ឋមកទស្សនាកម្សាន្ត និងសិក្សាពីប្រវត្តិសាស្ត្រទាំងភ្ញៀវជាតិនិងអន្តរជាតិ។ លោក បានបញ្ជាក់ថា ជំហានដំបូងត្រូវសិក្សាធ្វើរបងព័ទ្ធជុំវិញ និងដាំកូនឈើបន្ថែមលើបរិវេណដើមពោធិ៍ប្រវត្តិសាស្ត្រមួយនេះ ក្នុងនោះក៏ត្រូវរៀបចំឱ្យមានបង្គន់អនាម័យផងដែរ។

លោក អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ទីតាំងប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវ ស្រុកត្បូងឃ្មុំ នេះគឺជាទីតាំងប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិ ប៉ុន្តែដោយកន្លងមកយើងមិនទាន់បានរៀបចំឱ្យមានសោភ័ណភាពល្អ ហើយម្យ៉ាងភ្ញៀវទេសចរណ៍មួយចំនួនមិនស្គាល់ទីតាំងច្បាស់លាស់ផងនោះទើបធ្វើឱ្យតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះត្រូវបានមើលរំលង។

លោក បានបន្តថា ចាប់ពីពេលនេះតទៅអាជ្ញាធរខេត្តនិងរៀបចំតំបន់ប្រវត្តិសាស្ត្រមួយនេះឱ្យក្លាយទៅជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិចូលមកទស្សនាកំសាន្តនិងស្គាល់ពីប្រវត្តិសាស្ត្រទុំទាវ។

បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំឱ្យដឹងថា កាលពីពេលកន្លងទៅថ្មីៗនេះដើមពោធិ៍ក្នុងតំបន់ប្រវត្តិសាស្ត្រទុំទាវដ៏ធំមួយដែលគេឱ្យឈ្មោះថា «ដើមពោធិ៍អ្នកតាក្រហមក» ត្រូវបានខ្យល់កន្ត្រាក់បោកដួលរលំហើយត្រូវបានអាជ្ញាធរខេត្តរៀបចំដាំឡើងវិញ។ ក្រោយការដួលរលំដើមពោធិ៍ដ៏ធំមួយនេះ តំបន់ប្រវត្តិសាស្រ្តទុំទាវ ត្រូវបានប្រជាពលរដ្ឋមានការចាប់អារម្មណ៍ចង់ឃើញនិងស្គាល់ ដោយបានចូលទៅទស្សនាបន្ទប់បន្ទាប់ ពិសេសប្រជាពលរដ្ឋដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)