Register Already an agent ? Login

វឌ្ឍនភាពគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ប្រវែង ១៩៨គីឡូម៉ែត្រ ពីខេត្តបាត់ដំបង ទៅខេត្តកោះកុងសម្រេចបាន ៦០%

កោះកុង៖ វឌ្ឍនភាព គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨គីឡូម៉ែត្រ ពីស្រុកសំឡូតខេត្តបាត់ដំបង មកកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង សម្រេចបាន ៦០ភាគរយ គិតត្រឹមខែមីនាឆ្នាំ២០២២។ បច្ចុប្បន្ន ក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់របស់ខ្លួន យ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីបញ្ចប់គម្រោងទៅតាមផែនកំណត់។ បើតាមការថ្លែងរបស់ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង។

ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូតខេត្តបាត់ដំបង ឆ្លកាត់ខេត្តពោធិ៍សាត់រហូតដល់ខេត្តកោះកុង គឺជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ សម្រាប់ខេត្តតំបន់សមុទ្រមួយនេះ។ បើតាមការថ្លែងបញ្ជាក់របស់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ធ្វើដែលបានឡើងនាថ្ងៃទី១៤​ខែមីនា ឆ្នាំ២០២២ លោកស្រី មិថុនា ភូថងបានថ្លែងថា នៅពេលដែលផ្លូវមួយនេះស្ថាបនារួចរាល់និងដាក់ដំណើរការ នោះ នឹងជួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗឱ្យកាន់តែមានភាពលឿនរហ័សចំណេញពេលវេលាផងដែរ។

លោក ស្រីអភិបាលខេត្តកោះកុងបានថ្លែងបន្តថា ជាមួយនឹងវិស័យផ្សេងៗ ដែលយើងអាចទទួលបាន មានសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សំខាន់នោះគឺវិស័យសាធារណការ និងដឹកជញ្ជូន ដែលយើងបានទទួលនូវបណ្តាញផ្លូវជាតិសំខាន់ៗ ដែលផ្សារភ្ជាប់សរសៃឈាមសេដ្ឋកិច្ច ខេត្តកោះកុង ទៅនឹងតំបន់ផ្សេងៗ ដោយយើងមានផ្លូវជាតិលេខ១០ ឬហៅថាផ្លូវ១៥៥១ តភ្ជាប់ពីក្រុងខេមរៈភូមិន្ទនៃខេត្តកោះកុង ទៅស្រុកសំឡូតខេត្តបាត់ដំបង អាចថាបន្ទាប់ពីតំបន់ផ្នែកកណ្ដាល នៃប្រទេសកម្ពុជាមកនៅមាត់សមុទ្រ។

នៅក្នុងពិធីនោះ លោក អន ដាវុធ បានថ្លែងបញ្ជាក់ថា ផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ និងសម្រួលដល់ការដឹកជញ្ជូនកសិផលផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែ វាអាចជាផ្នែកមួយនៃការទាក់ទាញអ្នកទេសចរ ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើនពិសេសព្រៃឈើក្រាស់យ៉ាងស្រស់ស្អាតផងដែរ។

លោក បានថ្លែងបន្តថា បច្ចុប្បន្ន យើងកំពុងដំណើរការបានប្រហែលជិត ៦០ភាគរយហើយ បើសិនជាផ្លូវជាតិលេខ១០នេះ បានភ្ជាប់ពីសំឡូត មកដល់វាលវែង ហើយពីវាលវែងមកដល់ខេត្តកោះកុងនេះ គឺផ្លូវនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន។ លោក បន្ថែមថា ពិសេសនាំភោគផលពីតំបន់ ខាងលិចនៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ពោធិ៍សាត់ ចូលមកខេត្តកោះកុង ហើយផ្លូវនេះក៏បម្រើវិស័យទេសចរណ៍ ដែលយើងអាចនាំភ្ញៀវទេសចរពីខេត្តផ្សេងមកខេត្តកោះកុងទៅកាន់ឆ្នេរតារាសាគរ ក៏ដូចជាកំពង់សោមដែរ។

ប្រធានមន្ទីរដដែល បានបន្ថែមទៀតថា ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាតំបន់ និងរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេ​សជាមួយប្រទេសជិតខាង។

គួររម្លឹកថា ផ្លូវជាតិនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែមីនាឆ្នាំ២០២០ ហើយគ្រោងប្រើពេលសាងសង់ ៤៨ ខែគិតចាប់ពីខែធ្នូឆ្នាំ២០១៩ រហូតដល់ខែធ្នូឆ្នាំ២០២៣៕

ដោយ៖ មឿន ឌីណា (Moeun Dyna)