Register Already an agent ? Login

ប្រជាពលរដ្ឋ ២៨២គ្រួសារ ដែលរងផលប៉ះពាល់ការស្តារប្រឡាយ ៤ខ្សែ នៅក្រុងតាខ្មៅបានទទួលយកសំណង

កណ្ដាល៖ ប្រជាពលរដ្ឋ ២៨២គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងស្តារប្រឡាយ ៤ខ្សែ ប្រវែង ៦,៦២៣ម៉ែត្រ និង ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកព្រែកដើមលាភ ប្រវែង ៧០០ម៉ែត្រ នៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានយល់ព្រមទទួលយកសំណង។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ជាង ២០០គ្រួសារ បានចូលរួមសហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ អនុគណៈកម្មការខេត្ត និងអាជ្ញាធរមូលដ្ឋាន ដោយយល់ព្រមទទួលយកសំណង តាមគោលការណ៍ និងនីតិវិធី ជួយសម្រួលដល់រដ្ឋបាលខេត្តអនុវត្តគម្រោង ស្តារប្រឡាយ ៤ខ្សែ នេះឱ្យរួចរាល់តាមផែនការគ្រោងទុក ដើម្បីរំដោះទឹកជំនន់ និងទឹកកខ្វក់នៅរដូវវស្សាចេញពីទីក្រុងតាខ្មៅ។

លោក គង់ សោភ័ណ្ឌ បានថ្លែងបន្តថា ក្នុងចំណោមប្រជាពលរដ្ឋ រងផលប៉ះពាល់ទាំង ២៨២គ្រួសារ មានប្រជាពលរដ្ឋចំនួន ១៧២គ្រួសារ ទទួលរងនូវផលប៉ះពាល់សំណង់មួយផ្នែក និងអាចបន្តរស់នៅទីតាំងចាស់ និងប្រជាពលរដ្ឋចំនួន ១១០គ្រួសារ ទទួលរងផលប៉ះពាល់ទាំងស្រុង (អស់ដីសម្រាប់សាងសង់ លំនៅឋានឡើងវិញ) ក្នុងនោះមានប្រជាពលរដ្ឋ ៧គ្រួសារ បានស្នើសុំរស់នៅបន្តលើទីតាំងចាស់ដែលមានដី នៅសល់ផ្នែកខាងក្រោយក្នុងដីចំណីប្រឡាយដដែល។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៨២គ្រួសារ កាលពីថ្ងៃទី១១​ ខែមីនា ឆ្នាំ២០២២ អភិបាលខេត្តបាត់ដំបងបានថ្លែងបន្តទៀតថា ផ្អែកតាមគោលនយោបាយដោះស្រាយផលប៉ះពាល់ ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ទាំងស្រុង និងបានឯកភាពផ្លាស់លំនៅឋានទៅទីតាំងថ្មីចំនួន ១០៣គ្រួសារ បានចាប់ឆ្នោតយកដី ១ឡូតិ៍ ទំហំ ៩០ម៉ែត្រក្រឡា (៥ម៉ែត្រគុណ១៨ម៉ែត្រ) ដើម្បីចេញពីទីតាំងចាស់ទៅរស់នៅក្នុងទីតាំងថ្មី ដែលបានរៀបចំរួចរាល់ដោយគណៈកម្មការអន្តរក្រសួងនៅលើផ្ទៃដីសរុបប្រមាណ ១,៣៩ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកហូរ។

លោក គង់ សោភ័ណ្ឌបានថ្លែងបន្ថែមថា ជាពិសេស គណៈកម្មការអន្តរក្រសួងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ចាក់ដីកិនបង្ហាប់ធ្វើផ្លូវ ក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ៣៤២ម៉ែត្រ ទទឹង ៨ម៉ែត្រ ដាក់លូរំដោះទឹកភ្លៀង ប្រវែង ៥៤៧ម៉ែត្រ ដាក់រ៉ឺហ្គាចំនួន ២៣កន្លែង និងដាក់បង្គោលភ្លើងតាមបណ្ដោយផ្លូវទីតាំងថ្មីចំនួន ១០បង្គោល ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅសមរម្យ និងមានផាសុកភាពផងដែរ។

ក្នុងពិធីនោះ  អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយ ផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ស្ថានីយ៍បូមទឹកព្រែកដើមលាភប្រវែង ៧០០ម៉ែត្រនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋក្នុងការជួយរំដោះទឹកជៀសផុតពីការជនលិចលំនៅដ្ឋាននារដូវស្សា ហើយនេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលបង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)