Register Already an agent ? Login

សម្ដេចតេជោ នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២

សៀមរាប៖ សម្ដចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវទាំង ៣៤ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។ បើតាមការលើកឡើងឱ្យដឹងពីអភិបាលខេត្តសៀមរាប លោក ទៀ សីហា បានបន្តថា មកដល់ពេលនេះយើងបានសម្រេចនៃការសាងសង់ផ្លូវបាន១០០% គឺនៅសេសសល់បន្តិចបន្តួច លើការងារបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ និងការងារផ្សេងទៀតតែប៉ុណ្ណោះ។

នៅពិធីប្រកាសតែងតាំងអភិបាលរងខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២២ លោក ទៀ សីហា បានថ្លែងបន្តទៀតថា ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបគឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយ។

សូមរម្លឹកថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៥០លានដុល្លារ។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បន្ថែមទឹកប្រាក់ ៩លានដុល្លារ ដើម្បីរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ខណៈ ៥លានដុល្លារទៀត សម្រាប់កែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩គីឡូម៉ែត្រ។ ការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)