Register Already an agent ? Login

WB ផ្ដល់ហិរញ្ញប្បទាន ១១៣លានដុល្លារ លើកកម្ពស់ការថែទាំសុខភាពសម្រាប់ជនងាយរងគ្រោះបំផុតនៅកម្ពុជា

ភ្នំពេញ៖ កម្ពុជា បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) ទឹកប្រាក់ ១១៣លានដុល្លារ ក្នុងការលើកលើកកម្ពស់ការថែទាំសុខភាពសម្រាប់ជនងាយរងគ្រោះបំផុត និងដើម្បីជួយគាំទ្រដល់ការឆ្លើយតបមានប្រសិទ្ធភាពទៅនឹងវិបត្តិផ្នែកសុខភាពនានាដែលអាចកើតមាន។ បើតាមការសេចក្ដីប្រកាសព័ត៌មាន WB។

ហិរញ្ញប្បទាន ១១៣លានដុល្លារនេះ គឺជាដំណាក់កាលទី២ នៃគម្រោងការលើកកម្ពស់សមធម៌និងគុណភាពនៃការថែទាំសុខភាព (H-EQIP-2) ក្នុងគោលដៅឆ្ពោះទៅពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាថែទាំសុខភាពពេញផ្ទៃប្រទេស។ សម្រាប់ដំ​ណាក់កាលទី១ នៃគម្រោងនេះ មានរយៈកាលពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២២។

កម្ពុជា កំពុងតែរៀបចំបង្កើតឡើងនូវរចនាសម្ព័ន្ធធានារ៉ាប់រងសុខភាពមួយសម្រាប់ពលរដ្ឋគ្រប់រូប ដែលជាជំហានសំខាន់មួយឆ្ពោះទៅសម្រេចគោលដៅធ្វើឱ្យមានសេវាថែទាំសុខភាពគ្របដណ្តប់ទូទាំងប្រទេស នៅត្រឹមឆ្នាំ២០៣០។ បើតាមការបន្តនៅក្នុងសេចក្ដីប្រកាសព័ត៌មាន WB បានបញ្ជាក់ថា «ហិរញ្ញប្បទានថ្មីនេះនឹងពង្រីកការគាំទ្រដល់មូលនិធិសមធម៌សុខាភិបាល (Health Equity Fund) សម្រាប់​រ៉ាប់រងការចំណាយថ្លៃសេវាថែទាំសុខភាពសម្រាប់ជនក្រីក្រ និងកែលម្អគុណភាពសេវា​តាម​រយៈការលើកកម្ពស់​ការ​យល់​ដឹង​ កាត់បន្ថយឧបសគ្គនានា និងពង្រីកប្រព័ន្ធផ្តល់ព័ត៌មានសុខាភិបាល»។

គម្រោងនេះ នឹងជួយ​ដល់​កម្មវិធី​ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្តង់ដារទទួលស្គាល់ថ្នាក់ជាតិ ពង្រីកអំណោយថវិកាសម្រាប់ការផ្តល់សេវា និង​ផ្តល់ហិរញ្ញប្បទានផ្អែកតាមសមិទ្ធកម្ម​ការងារ។ គម្រោងនេះមានគោលដៅផងដែរឆ្ពោះទៅបង្កើនសេវាទប់ស្កាត់ជំងឺដែលមិនឆ្លងផ្ទាល់រវាងមនុស្ស នៅទូទាំងប្រទេស។ បើតាមការបន្តនៅក្នុងសេចក្ដីប្រកាសដដែ។

ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានមានប្រសាសន៍ថា ការពង្រីកសមធម៌ក្នុងលទ្ធភាពទទួលបានការថែទាំសុខភាពនៅតែជាគោលដៅសំខាន់ដដែល ថ្វីបើកម្ពុជាមានភាពរីកចម្រើននៅក្នុងការផ្តល់​សេវាថែទាំសុខភាពដល់ប្រជាជនរបស់ខ្លួនពិតមែនក៏ដោយ។ លោកស្រី បានបន្តទៀតថា គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចបានគោលបំណងខាងលើតាមរយៈការពង្រីកលទ្ធភាពសម្រាប់ជនក្រីក្រ និង​ជនងាយរងគ្រោះដើម្បីទទួលបានសេវាថែទាំសុខភាព។

WB បានបញ្ជាក់ថា ហិរញ្ញប្បទានថ្មីនេះសបញ្ជាក់នូវភាពជាដៃគូយូរអង្វែងក្នុងចំណោមដៃគូនានា ហើយក្នុងកញ្ចប់នោះរួមមានទឹកប្រាក់ ៥៥លានដុល្លារ ដែលជាកម្ចីឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association) នៃធនាគារពិភពលោក និងអំណោយថវិកាសរុបចំនួន ៥៨លានដុល្លារ មកពីប្រទេសអូស្រ្តាលី អនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (German Development Bank) ប្រទេសកូរ៉េខាងត្បូង និង​សេវាហិញ្ញប្បទានសកល (Global Financing Facility)។ ប្រទេសកម្ពុជានឹងរួមចំណែកទឹកប្រាក់ចំនួន ១៨៦លានដុល្លារ ជា​ហិរញ្ញប្បទានបដិភាគ ក្នុងគម្រោងនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)