Register Already an agent ? Login

អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពិភាក្សាគ្នាត្រៀមបើកជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក Parinya Phothisat អភិបាលខេត្តស្រះកែវ បានជួបពិភាក្សាគ្នា ដើម្បីត្រៀមបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញចូល។ បើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ។

រដ្ឋខេត្តបន្ទាយមានជ័យបានបន្តថា អភិបាលខេត្តនៃប្រទេសទាំងពីរ បានពិភក្សាគ្នាត្រៀមបើកជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

នៅក្នុងជំនួបនោះ លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា អគាររដ្ឋបាលកម្ពុជាសម្រេចបានត្រឹមតែ ៤០ភាគរយ និងខាងថៃសម្រេចបាន ៩០ភាគរយ ប៉ុន្តែយើងប្រជុំថ្ងៃនេះពិនិត្យវឌ្ឍនភាពនិងលទ្ធភាព ធ្វើការពិភាក្សាដើម្បីបើកដំណើរការជាបណ្តោះអាសន្នសម្រាប់ដឹកទំនិញចេញចូល។

លោក អភិបាលខេត្តបន្ទាយមានបានមានប្រសាសន៍បន្តថា ជាលទ្ធផលនៃកិច្ចប្រជុំមិនទាន់មានការសម្រេចថាបើកឱ្យដំណើរការថ្ងៃណា ពេលណានោះទេរងចាំគោលការណ៍រាជរដ្ឋាភិបាលនៃប្រទេសទាំង២ និងការកសាងអគាររដ្ឋបាលសម្រាប់មន្ត្រីជំនាញបំពេញការងាររួចរាល់ក្នុងកម្រិតណាមួយ។

គូសបញ្ជាក់ថា កិច្ចប្រជុំខាងលើ ជាការអញ្ជើញ ពីអភិបាលខេត្តស្រះកែវប្រទេសថៃ នៅការិយាល័យគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក.

លោក អ៊ុំ រាត្រី បានមានប្រសាសន៍របស់ថា តមតាមការញ្ជើញប្រជុំនេះ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពផ្លាស់ប្តូរព័ត៌មានគ្នា ក្នុងគោលបំណងពិភាក្សាលើការបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញចូល ដែលបាននឹងកំពុងដំណើរការកសាងអគារ ការិយាល័យរដ្ឋបាលការងារនៃប្រទេសទាំងពីរ។

ក្នុងជំនួបនោះ ក៏មានការចូលរួមពីមេបញ្ជាការ ស្នងការ កងកម្លាំងមានសមត្ថកិច្ចព្រំដែនខេត្តទាំង២ មន្ទីរពាក់ព័ន្ធ និងឯកលោកអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)