Register Already an agent ? Login

កម្ពុជា ទទួលបានជំនួយឥតសំណងជាង ៦លានដុល្លារពីអាមេរិក ដើម្បីបោសសំអាតមីនចំនួន ៧ខេត្ត លើផ្ទៃដីជាង១ម៉ឺនហិកតា

ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិក បានផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៦,៣៥៥,៧២០ដុល្លារ តាមរយ:អង្គការNPA គាំទ្រអង្គភាពស៊ីម៉ាក់បោសសំអាតតំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោម​ រយ:ពេល ៤៥ខែ (ថ្ងៃទី១​ ខែមីនា​ ២០២២-វិច្ឆិកា​ ២០២៥) ដែលមានខេត្តចំនួន៧ លើផ្ទៃដីសរុបជាង ១៣,២០០ហិកតា។ បើតាមទំព័រហ្វេសប៊ុករបស់ ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC)។

ទំព័រហ្វេសប៊ុករបស់ CMAC បានបន្តថា ហេង រតនា អគ្គនាយក CMAC និងលោក Rune Dale Andresen ប្រធានអង្គការ NPA ប្រចាំកម្ពុជា បានចុះហត្ថលខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងអង្គការ NPA និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លើជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលមេរិកចំនួនជាង ៦លានដុល្លារ តាមរយ:អង្គការ NPA គាំទ្រអង្គភាពស៊ីម៉ាក់ បោសសំអាតតំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោម​ នៅក្នុង​ប្រទេស​កម្ពុជា។

ក្រសួងការបរទេស​អាមេរិក បានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង​នេះ តាម​រយ:​អង្គការ NPA សម្រាប់គាំទ្រសកម្មភាពរបស់អង្គភាពស៊ីម៉ាក់ ​លើ​កិច្ចប្រតបត្តិការ​បោសសំអាត​តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម​ នៅខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតន:គីរី និងខេត្តមណ្ឌលគីរី។ បើតាមការបន្តរបស់ CMAC។

CMAC បានបន្ថែមថា ជាការកត់​សម្គាល់កញ្ចប់​ថវិកានៃជំនួយនេះ មានទំហំ​ទឹកប្រាប់ដូចបណ្តាឆ្នាំកន្លងមកដែរ គ្រាន់តែជំនួយលើកនេះមានរយ:ពេលវែងគឺ​រហូត​ដល់ទៅ៤៥ខែ ដែលកន្លងមកមានរយ:ពេលត្រឹមតែ ១២ខែម្តង ឬ១ឆ្នាំម្តងតែប៉ុណ្ណោះ។ ជំនួយ​នេះ​បាន​ផ្តល់លទ្ធភាពឱ្យអង្គភាពស៊ីម៉ាក់ អាចពង្រាយកម្លាំងប្រតិបត្តិការបានចំនួនជាង ២០០នាក់ និងអាចរំដោះផ្ទៃដីតំបន់គ្រាប់បែកចង្កោមបានជាង ១៣,២០០ហិកតា។

បើតាមប្រពភដដែលបានបន្ថែមទៀតថា ជាមួយនេះដែរ ក្រសួងការបរទេស Norway ក៏បានសម្រេចផ្តល់ថវិកាខ្នាតតូចចំនួនពីរគម្រោង គឺគម្រោងរំដោះខេត្តគ្មានគ្រាប់មីន ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការ និងគម្រោងបោសសំអាតមីននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលគម្រោងទាំងពីរនេះមានថវិកាចំនួន ៨៩,០៧៧ដុល្លារ សម្រាប់រយ:ពេល ៣ខែ៕

ដោយ៖ មឿន ឌីណា (Mouen Dyna)