Register Already an agent ? Login

ផ្លូវ១ខ្សែ មានប្រវែងជិត ៤គីឡូម៉ែត្រ ឆ្លងកាត់៣ឃុំ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បានបើកការដ្ឋានសាងសង់

តាកែវ៖ លោក អ៊ូច​ ភា អភិបាលខេត្តតាកែវ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលថ្ម (មិច) ១ខ្សែ មានប្រវែង ៤៣០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ឆ្លងកាត់៣ឃុំ គឺឃុំអង្គតាសោម ឃុំលាយបូរ និងឃុំឧត្តមសូរិយា ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងពិធីខាងលើ លោក អ៊ូច ភា បានថ្លែងថា ដោយមើលឃើញការលំបាកក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រជាកសិករ រស់នៅឃុំ អង្គតាសោម ឃុំលាយបូរ និងឃុំឧត្តមសូរិយា ពិបាកដំណើរឆ្លងកាត់ បានជារដ្ឋបាលខេត្តសម្រេចសិក្សា និងស្ថាបនាផ្លូវក្រាលថ្ម (មិច) ១ខ្សែ មានប្រវែង ៤៣០០ម៉ែត្រនេះឡើង ដោយមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការធ្វើដំណើរជាប្រចាំថ្ងៃ។

លោក អភិបាលខេត្តតាកែវ ណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវអប់រំណែនាំដល់ប្រជាពលរដ្ឋ កុំឱ្យសាង់សង ឬរំលោភលើដីចំណីផ្លូវរបស់រដ្ឋ ព្រោះប្រសិនប្រជាពលរដ្ឋ បានចូលរួមចំណែកជាមួយនឹងអាជ្ញាធរមិនរំលោភដីចំណីផ្លូវ វាគឺជាការចូលរួមចំណែក និងបង្ហាញឱ្យឃើញពីការយល់ដឹង ការគោរពច្បាប់របស់ប្រជាពលរដ្ឋទៅលើដីចំណីផ្លូវ។ លោក បានបន្តថា ពិសេសគឺនៅ ពេលដែលរដ្ឋត្រូវការធ្វើការពង្រីកផ្លូវ ឬជួសជុលផ្លូវ ចាក់កៅស៊ូជាដើម គឺមិនមានការប៉ះពាល់ ឬក៏ខូចខាត​ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះឡើយ។

លោក អ៊ូច ភា បានបញ្ជាក់ថា ផ្លូវ ១ខ្សែនេះ មានសារៈសំខាន់ណាស់ សម្រាប់បម្រើផលប្រយោជន៍រួម ព្រោះផ្លូវជាសសៃឈាមសេដ្ឋកិច្ច គឺមានផ្លូវមានសង្ឃឹម ម្យ៉ាងទៀតនៅពេលដែលទទួលបានផ្លូវ ១ខ្សែនេះហើយ គឺយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាផ្លូវនេះ ឱ្យបានគង់វង្សទុកសម្រាប់កូនចៅជំនាន់ក្រោយ និងទុកជាសម្បត្តិរួម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)