Register Already an agent ? Login

កម្ពុជា នាំចេញកសិផលសរុបជិត ២លានតោន ទៅ ៥២ប្រទេស កើនឡើងជិត ១០% ធៀបឆ្នាំ២០២១

ភ្នំពេញ៖ រយៈពេល ២ខែដើមឆ្នាំ២០២២ កានាំចេញកសិផលរបស់កម្ពុជាទៅទិសដៅ ៥២ប្រទេស សរុប ១,៨៣៥, ៤៧៥.៧០តោន មានការកើនឡើងចំនួន ១៥៩,៣៣១.៣៣តោន ស្មើនឹង ៩,៥១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានត្រឹមតែ ១,៦៧៦,១៤៤.៣៧តោន។ បើតាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្ម ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ ដែលលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ទទួលបាន។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក វេង សាខុន បានបន្តឱ្យដឹងទៀតថា កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖

១-បរិមាណអង្ករ នាំចេញមានចំនួន ១០៣,០៥៨តោន កើនឡើងចំនួន ២៦,៨៣៦តោន (៣៥,២១%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល២ខែដើមឆ្នាំ២០២១ ដែលមានចំនួន ៧៦,២២២តោន។

បរិមាណអង្ករ បាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ២៦,៥០៧តោន (កើនឡើងចំនួន ៧,៥១១តោន ស្មើនឹង ៣៩.៥៤%) ទិសដៅប្រទេសចិន មានបរិមាណសរុបចំនួន ៥៦,៣៨៥តោន (កើនឡើងចំនួន ១៨,៧៥៥តោន ស្មើនឹង ៤៩.៨៤%) ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ៩,៣៧០តោន (កើនឡើងចំនួន ៣,១៤១តោន ស្មើនឹង ៥០.៤៣%) និងទិសដៅដទៃទៀតចំនួន ១៦ប្រទេស មានបរិមាណសរុប ១០,៧៩៦តោន (ថយចុះចំនួន ២,៥៧១តោន ស្មើនឹង -១៩.២៣%) ។

ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៧៧,០៣៩តោន (៧៥.០២%) និងក្រុមហ៊ុន ៣១ដទៃទៀតបាននាំចេញត្រឹមតែ ២៦,០១៩តោន (២៤,៩៨%) ។

២-បរិមាណនាំចេញស្រូវ មានចំនួន ៦៥១,១០១,តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៤១៣,៧៧៥តោន) ដែលមានការកើនឡើងចំនួន ៩២,០៦៨តោន (១៦.៤៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ៥៥៩,០៣៣តោន។

៣-បរិមាណនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១,៣១៨,៦៤២.៧០តោន កើនឡើងចំនួន ៦,៥៧០.៣៣ តោន ស្មើនឹង ០.៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ១,៣១២,០៧២.៣៧តោន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)