Register Already an agent ? Login

លោក ម៉ៅ ធនិន អញ្ជើញបើកការដ្ឋានធ្វើផ្លូវ២ខ្សែប្រវែង ២៤គីឡូម៉ែត្រ ក្រាលកៅស៊ូនិងបេតង ក្នុងស្រុកដងទង់

កំពត៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលផ្លូវក្រាលកៅស៊ូ ១ខ្សែប្រវែង ២០គីឡូម៉ែត្រ និងផ្លូវបេតុង ១ខ្សែ ទៀតមានប្រវែង ៤គីឡូម៉ែត្រ ហើយផ្លូវទាំងពីរខ្សែនេះឆ្លងកាត់ឃុំចំនួន៤ និងភូមិចំនួន៨ ក្នុងស្រុកដងទង់ ដែលជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីខាងលើ លោក ម៉ៅ ធនិន បានថ្លែងថា ផ្លូវនេះក្រោយពេលស្ថាបនារួចវាអាចជួយសម្រួលដល់ការធ្វើដំណើរ ដូចជាការដឹកជញ្ជូនកសិផលទៅលក់ដូរតាមទីផ្សារ និងទៅកាន់បណ្តាស្រុកផ្សេងៗ សិស្សានុសិស្សទៅសាលារៀន ស្ត្រីមានផ្ទៃពោះ ឬឈឺថ្កាត់យប់ព្រលប់ ត្រូវទៅមណ្ឌលសុខភាព មន្ទីរពេទ្យផ្សេងៗ ជួយសម្រួលដល់ជីវភាពរស់នៅ របស់ពលរដ្ឋនៅតាមដងផ្លូវ ឱ្យអាចបង្កើតរបរលក់ដូរនៅផ្ទះ ទាក់ទាញអ្នកវិនិយោគមកអភិវឌ្ឍន៍ ពិសេសអាចធ្វើឱ្យដីឡើងថ្លៃជាដើម ដូចប្រសាសន៍សម្តេចតែងលើកឡើងថា «មានផ្លូវគឺមានសង្ឃឹម»។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានគូសបញ្ជាក់ថា សមិទ្ធផលផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងដែលកើតឡើងបាននាពេលនេះ គឺដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបអាចមានឱកាសក្នុងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកអភិបាលខេត្ត បានជំរុញដល់ក្រុមហ៊ុនទទួលម៉ៅការការសាងសង់ផ្លូវ ធ្វើយ៉ាងណាខិតខំសាងសង់ឱ្យបានឆាប់រហ័ស តាមស្តងដារលក្ខណៈបច្ចេកទេសត្រឹមត្រូវ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)