Register Already an agent ? Login

ខេត្តព្រះសីហនុ និងខេត្តក្រុងចំនួន១៤ របស់ចិន បានបង្កើតជាសម្ព័ន្ធភាពជាបងប្អូន ក្នុងចំណោមខេត្តក្រុងចំនួន១៨

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា កិច្ចសហប្រតិបត្តិការទំនាក់ទំនងមិត្តភាព អន្តរជាតិរវាងខេត្តព្រះសីហនុ និងសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតទំនាក់ទំនងជាខេត្តក្រុងចំនួន១៨ ក្នុងនោះខេត្តក្រុងចំនួន១៤ បានបង្កើតជាសម្ព័ន្ធភាពជាខេត្តក្រុងបងប្អូន។ ដោយឡែក នៅខេត្តក្រុងចំនួន ៤ទៀត កំពុងធ្វើការទំនាក់ទំនងជិតស្និទ្ធ ដើម្បីឈានទៅដល់ការចុះហត្ថលេខាផ្លូវការសម្រាប់សម្ព័ន្ធភាពបងប្អូននាពេលខាងមុខ។

ការថ្លែងការខាងលើរបស់ លោក គួច ចំរើន នៅក្នុងកិច្ចជំនួបពិភាក្សាការងារ និងដោះស្រាយបញ្ហាប្រឈមមួយចំនួននៅក្នុងខេត្តព្រះសីហនុ ជាមួយលោក ហ៊ូ វៃ ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ហ៊ូ វៃ ថ្លែងអំណរគុណ លោក គួច ចំរើន ដែលអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងកិច្ចសហប្រតិបត្តិការដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានបន្តថា មានអ្នកវិនិយោគ និងអ្នកទេសចរចិន បានមកធ្វើការវិនិយោគនៅតំបន់សេសកិច្ចពិសេសក្រុងព្រះសីហនុ វាបានផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងមានទំនាក់ទំនងល្អ ពិសេសផ្នែកពាណិជ្ជកម្មកាន់តែល្អប្រសើរថែមទៀត។

បើតាមជំនួបនោះ លោក អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រយៈពេលពីរឆ្នាំ ដែលកម្ពុជាក៏ដូចខេត្តព្រះសីហនុ បានជួបប្រទះផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

លោក គួច ចំរើន មានប្រសាសន៍បន្តថា ក្នុងនោះខេត្តព្រះសីហនុ បានទទួលការគាំទ្រពីមិត្តចិនដែលបានផ្ដល់ជាសម្ភារៈ ឧបករណ៍ និងថវិកាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈបុគ្គល និងតាមសមាគមខេត្តជាំងស៊ូ ជាបន្តបន្ទាប់ សកម្មភាពទាំងនេះគឺបានបង្ហាញពីទឹកចិត្តជួយគ្នាក្នុងគ្រាលំបាក។

នាឱកាសនោះ លោក អភិបាលខេត្ត បានអរគុណដល់ថ្នាក់ដឹកនាំចិន អ្នកទេសចរ និងអ្នកវិនិយោគចិនដែលជួយអភិវឌ្ឍនៅខេត្តព្រះសីហនុ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)