Register Already an agent ? Login

លោក គួច ចំរើន អនុម័តលើសេចក្តីព្រាងផែនទីកំណត់តំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ មានសក្តានុពលសម្បូរបែប

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំអនុម័តលើសេចក្តីព្រាងផែនទីកំណត់តំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ជាតំបន់ដែលមានសក្តានុពល​សម្បូរបែប នៃធម្មជាតិតំបន់ឆ្នេរមានដូចជា៖ ព្រៃកោងកាង ស្មៅសមុទ្រ ផ្កាថ្ម ក្តាម បង្គា។ល។ ស្ថិតក្នុងស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។ បើតាមដ្ឋបាលខេត្តព្រះសីហនុ។

កិច្ចប្រជុំខាងលើធ្វើឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក​ គង់​ វិតាណៈ​ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងថា ស្រុកព្រៃនប់ មានព្រែក៣ សំខាន់ៗមានដូចជា៖ ព្រែកទឹកសាប ព្រែកកំពង់ស្មាច់ និងព្រែកទាល់។

លោក បានថ្លែងបន្តថា ដោយឡែកព្រែកកំពង់ស្មាច់មានទេសភាពស្រស់ស្អាត និងប្រព័ន្ធអេកូឡូស៊ីល្អបំផុត មានដែននេសាទសម្រាប់សហគមនេសាទ​ តំបន់ឆ្នេរគ្របដណ្ដប់ដោយព្រៃកោងកាងដ៏វិសេសវិសាល។

លោក​ គង់ វិតាណៈ បានថ្លែងបន្តទៀតថា ព្រែកកំពង់ស្មាច់ទទួលប្រភពទឹកពីដៃស្ទឹងតូច ធំចំនួន១៦។ ព្រែកកំពង់ស្មាច់ មានកោងកាងចំនួន ៣៩ប្រភេទ ដោយ ២៣ប្រភេទ ដាំដុះឡើងវិញ និង ១៦ប្រភេទ ដុះក្នុងតំបន់តែម្ដង ហើយវាមានកម្ពស់ ២៥ម៉ែត្រ អង្កត់ផ្ចិត ០,៨០ម៉ែត្រ អំណោយផលដល់ប្រភេទខ្យងសមុទ្រ គ្រែងឈាម និងក្តាម លើសពីនេះមានសត្វល្មូន និងសត្វស្លាបជាច្រើនប្រភេទទៀត។

អភិបាលរងខេត្តព្រះសីហនុ ដដែលបានថ្លែងបញ្ជាក់ថា ដើម្បីសម្រេចបាននូវទស្សនវិស័យផែនការគ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់​ យើងបានកំណត់នូវគោលដៅចំនួន ៤រួមមាន៖

ទី១.ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពធនធានជលផលសមុទ្រ និងជីវ:ចម្រុះដែលបាត់បង់ក្នុងតំបន់ព្រែកកំពង់ស្មាច់, ២.ការពារ និងអភិរក្សនូវប្រភេទសត្វកម្រ​ ងាយរងគ្រោះ និងទីជម្រករបស់វា។

៣.លើកកម្ពស់ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យប្រសើរឡើង, ៤.ពង្រឹងនូវអភិបាលកិច្ចល្អក្នុងតំបន់ព្រែកកំពង់ស្មាច់ ទាំងសមត្ថភាពក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រ និងជីវៈចម្រុះក្នុងតំបន់ព្រែកកំពង់ស្មាច់ប្រកបដោយនិរន្តរភាព។

លោក គួច ចំរើន បានមានប្រសាសន៍ថា ក្នុងទំនប់ប៊ុលឌែមិនអនុញ្ញាតឱ្យមាន ការកាប់បំផ្លាញព្រៃកោងកាង យើងត្រូវកំណត់តួលេខផ្ទៃដីដែលត្រូវដាំដុះព្រៃកោងកាងឱ្យបានច្បាស់លាស់។ លោក បានបន្តថា ទន្ទឹមនោះត្រូវធ្វើការឯកភាពគ្នាកំណត់ដែនជលផលព្រែកកំពង់ស្មាច់ ដើម្បីធានាថាធនធានព្រៃកោងកាង និងជីវ:ចម្រុះនានាត្រូវបានការពារ និងអភិរក្ស តាមរយៈការបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ។

ក្នុងឱកាសនោះ អភិបាលខេត្ត ក៏ណែនាំដល់អាជ្ញាធរស្រុក​ និងឃុំ ត្រូវរៀបចំចលនាបំផុសបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមនេសាទ កុំឱ្យកាប់បំផ្លាញព្រៃកោងកាង ដោយត្រូវរួមគ្នាថែរក្សា អភិរក្ស និងដាំដុះព្រៃកោងកាងនៅក្នុងដែនសហគមនេសាទឡើងវិញ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)