Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ កម្ពុជា មានផ្លូវជាតិនិងផ្លូវខេត្តប្រវែងសរុបជិត ២ម៉ឺនគីឡូម៉ែត្រ ក្រាលកៅស៊ូ និងបេតុង ស្ពានធំៗចំនួន២០

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកញ្ជូន បានថ្លែងបញ្ជាក់ឱ្យដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងការតភ្ជាប់ការដឹកជញ្ជូន កម្ពុជាបាននិងកំពុងវិនិយោគយ៉ាងច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្តាញផ្លូវថ្នល់ ដែលរួមមាន៖ ផ្លូវជាតិនិងផ្លូវខេត្តមានប្រវែងសរុប ១៨,១២៥គីឡូម៉ែត្រ និងស្ពានធំៗចំនួន២០។

នៅក្នុងកិច្ចប្រជុំខួបលើកទី៧៥ នៃគណៈកម្មាធិការដឹកជញ្ជូន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនលើកទី៨៤ នៃគណៈកម្មាធិការដឹកជញ្ជូន(ITC)របស់គណៈកម្មការសេដ្ឋកិច្ចសហប្រជាជាតិសម្រាប់អឺរ៉ុប(ECE) តាមប្រព័ន្ធវីដេអូពីចម្ងាយដែលធ្វើកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា ក្នុងនោះ ៩,៨៩៦គីឡូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូ (AC) និងផ្លូវបេតុង ឬស្មើនឹង ៥៤,៦០% នៃប្រវែងសរុប។

លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កម្ពុជាបានសាងសង់អាកាសយានដ្ឋានចំនួន៣ ត្រូវបានធ្វើឱ្យប្រសើរឡើងតាមស្តង់ដាអន្តរជាតិ និងព្រលានយន្តហោះថ្មីចំនួន ៣ផ្សេងទៀតកំពុងសាងសង់ផងដែរ។

នាឱកាសនោះ លោក រដ្ឋមន្រ្តី បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់នៃការតភ្ជាប់ការដឹកជញ្ជូន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ផ្តល់ឱកាសសម្រាប់ការងារ ការបើកទីផ្សារការផ្គត់ផ្គង់ធ្វើពាណិជ្ជកម្មក្នុងស្រុកនិងអន្តរជាតិ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែស៊ីជម្រៅនៅជុំវិញពិភពលោក។

ផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញទៅកំពង់ផែសមុទ្រទឹកជ្រៅខេត្តព្រះសីហនុ កំពុងត្រូវបានសាងសង់ គម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅទីក្រុងហូជីមិញក៏ត្រូវបានសិក្សាផងដែរ។ បើតាមការបន្ថែមរបស់ លោក ស៊ុន ចាន់ថុល បានបន្ថែមទៀតថា តាមរយៈកញ្ចប់ថវិកាជាតិ គម្រោងផ្លូវចំនួន ៣៧ខ្សែ នៅក្រុងព្រះសីហនុ ត្រូវបានពង្រីកនិងជួសជុលស្តារឡើងវិញ និងផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបលើទឹកដីនៃប្រាង្គប្រាសាទអង្គរវត្ត កំពុងត្រូវបាន ពង្រីក និងធ្វើឱ្យប្រសើរឡើងដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍ត្រឡប់មកវិញផងដែរ។

បើតាមកិច្ចប្រជុំខាលើ លោក រដ្ឋមន្រ្តី បានលើកឡើងថា ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការឈានដល់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ និងកំពុងឋិតក្នុងគន្លងឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោក រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងនបន្តថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោកក្នុងអត្រាកំណើនប្រចាំឆ្នាំគិតជាមធ្យម ៧,៧% រវាងឆ្នាំ១៩៩៨ និង២០១៩ ប៉ុន្តែត្រូវបានធ្លាក់ចុះមកនៅត្រឹម ៣,១% ក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តិជំងឺកូវីដ-១៩  ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យនានា ដូចជា៖ សេវាកម្ម សំណង់ អចលនទ្រព្យ និងទេសចរណ៍ជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)