Register Already an agent ? Login

ចុងសប្ដាហ៍ទី៣ នៃខែកុម្ភៈ ខេត្តព្រះសីហនុ ភ្នំពេញ ពោធិ៍សាត់ ទទួលបាលភ្ញៀវទេសចរច្រើនជាងគេ

ភ្នំពេញ៖ ទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសដើរកម្សាន្តសរុបចំនួន១៩៩,០៦៧នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៨៨,០៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១០,៩៨៦នាក់។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា ខេត្តព្រះសីហនុឈរនៅលេខ១ រាជធានីភ្នំពេញលេខ២ ខេត្តពោធិ៍សាត់លេខ៣ ដែលបានទទួលបានភ្ញៀវទេសចរច្រើនជាងគេ។

នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងបន្តថា បន្ទាប់ពី ខេត្តពោធិ៍សាត់មានដូចជា៖ ខេត្តបាត់ដំបង ២២,៨៤២នាក់, ខេត្តសៀមរាប ១៦,៥៦៧នាក់, ខេត្តកំពត ១៤,៧៤៦នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការបន្តកំរើកឡើងនៃការឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍មានការថមថយខ្លះនាចុងសប្តាហ៍នេះ។ ជាក់ស្តែង តួលេខខាងលើមានការថយចុះ ៩.៤៤% ធៀបនឹងចុងសប្តាហ៍កន្លងមក។ លោក បានបញ្ជាក់ថា ទោះបីមានការថមថយខ្លះ ប៉ុន្តែតួលេខខាងលើនៅមានកម្រិតប្រហាក់ប្រហែលនឹងស្ថានភាពពេលដែលព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវបានបិទបញ្ចប់។

លោក រដ្ឋមន្រ្តីបានបន្តថា តាមការសង្កេតជាក់ស្តែងរបស់មន្ទីរទេសចរណ៍ ភ្ញៀវពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍តាមបណ្តាខេត្តមិនសូវមានចំនួនច្រើនដូចសប្តាហ៍កន្លងមកទេ។ ភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្តខ្លួនឯង និងភ្ញៀវឆ្លងខេត្តជិតៗគ្នា។

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៤-២០ ខែកុម្ភ: ឆ្នាំ២០២២ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវមានចំនួនសរុប ២៤,៧៤១នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២៤,៧៣៩នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២នាក់។ បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការថយចុះ ០,៤១% (ទេសចរសប្តាហ៍មុន មានចំនួន ២៤,៨៤៥នាក់)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)