Register Already an agent ? Login

កម្ពុជា-អ៊ីរ៉ង់ជំរុញការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ និងកីឡា

ភ្នំពេញ៖ កម្ពុជា និងអ៊ីរ៉ង់ បានលើកពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រលើវិស័យកីឡាកម្ពុជាពីសំណាក់ភាគីអ៊ីរ៉ង់ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងការបង្កើនទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរផងដែរ។

ការឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការនេះត្រូវបានលើកឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក អាលី អាក់បារ ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងជំនួបនោះ លោក អាលី អាក់បារ ណាហ្សារី បានគាំទ្រដល់គោលនយោបាយចាក់វ៉ាក់សាំងនៅកម្ពុជា និងបានទទួលស្គាល់ថាកម្ពុជាគឺជាគោលដៅទេសចរណ៍មួយដែលមានសុវត្ថិភាព ដែលជាបង្កើតឱ្យមានភាពស៊ាំក្នុងសហគមន៍ ដែលជាមូលដ្ឋានមួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ លោកបានសន្យាជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនអ៊ីរ៉ង់ឱ្យមកទស្សនានៅកម្ពុជា ជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍ចម្បង។

លោក ថោង ខុន បានមានប្រសាសន៍ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទាក់ទាញភ្ញៀវទេសចរមូស្លីម តាមរយៈការដាក់ចុះនូវយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរមូស្លីម ដែលក្នុងនោះក៏នឹងជំរុញឱ្យមានការវិនិយោគ ក៏ដូចជាទេសចរមកកម្ពុជា។ លោក រដ្ឋមន្ត្រី បានស្នើដល់ភាគីអ៊ីរ៉ង់ឱ្យជួយសិក្សាលើកាតតភ្ជាប់ជើងហោះហើរត្រង់ នាពេលខាងមុខនេះ ខណៈភាគីទាំងបានពិនិត្យលើលទ្ធភាពជាជំហានលើការហោះហើរជាលក្ខណៈត្រីកោណពីអ៊ីរ៉ង់ចូលមកប្រទេសថៃ ឬប្រទេសម៉ាឡេស៊ី និងបន្តមកកម្ពុជា។

លោក អាលី អាក់បារ ណាហ្សារី ក៏បានឯកភាពជាមួយភាគីកម្ពុជាលើការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ដោយកម្ពុជាជាអ្នកផ្ដួចផ្ដើម និងបានស្នើទៅកាន់ភាគីអ៊ីរ៉ង់កន្លងមករួចហើយ។ ភាគីទាំងពីរនឹងរៀបចំឱ្យមានកិច្ចចុះហត្ថលេខាលើអនុស្សរណៈលើវិស័យទេសចរណ៍ និងទន្ទឹមគ្នានោះក៏មានការចុះអនុស្សរណៈលើវិស័យកីឡាផងដែរ។

លោក ថោង ខុន បានអញ្ជើញរដ្ឋមន្ត្រីទេសចរណ៍ និងបេតិកភណ្ឌអ៊ីរ៉ង់មកទស្សនកិច្ចនៅកម្ពុជាផងដែរ ហើយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានអញ្ជើញ លោក ថោង ខុន ទៅទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ដែរ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃវិស័យទេសចរណ៍ខាងលើនេះ។

ពាក់ព័ន្ធនឹងវិស័យកីឡា អ៊ីរ៉ង់ ក៏បានសន្យានឹងជួយផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជាក្នុងឆ្នាំ២០២៣ និងផ្ដល់បទពិសោធន៍ជួយគាំទ្រដល់ការបណ្ដុះបណ្ដាលផ្សេងៗលើវិស័យកីឡា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)