Register Already an agent ? Login

សម្ដច ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ជំនួយឥតសំណងពីជប៉ុនជាង ២០លានដុល្លារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក មានសមត្ថភាពផលិតទឹកបាន ៥,០០០ម៉ែត្រគូបក្នុង ១ថ្ងៃ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុនប្រមាណ ២០,៣៦២,៦៨០ដុល្លារ។ បើតាមការថ្លែងឱ្យដឹងពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងថា គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក មានទីតាំងស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមការថ្លែងបន្តរបស់ លោក លោក សាំពិសិដ្ឋ បានថ្លែងឱ្យដឹងទៀតថា ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ផលិតទឹកបាន ៥,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ លើផ្ទៃដីទំហំ ៣ហិកតា ក្នុងផ្ទៃបឹងបម្រុងទុកប្រមាណ ១៩ហិកតា ស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ា ហ៊ុន នាង ដែលរាជរដ្ឋាភិបាល បានកាត់ឆ្កៀលសម្រាប់ ក្នុងគម្រោងឆ្នាំគោលដៅ២០២៥។

លោក សាំ ពិសិដ្ឋ បន្តថា គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នឹងត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ២គ្រឿងគឺ ៤៦៨ម៉ែត្រគូបក្នុង១ម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាង បង្ហូរទឹកបូមចេញពីស្ថានីយ៍បូមទឹកបឹងត្របែក។

គម្រោងសាងសង់ស្ថានីយ៍នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មកទីភ្នាក់ងារ JICA បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទទួលបានគោលការណ៍អនុញ្ញាតខាងលើនេះ ទីភ្នាក់ងារ JICA បានជ្រើសរើសក្រុមហ៊ុនចម្រុះសម្រាប់ធ្វើជាទីប្រឹក្សាបច្ចេកទេស ដើម្បីសិក្សាលម្អិត រៀបចំឯកសារដេញថ្លៃ ត្រួតពិនិត្យការអនុវត្តគម្រោង ដែលមានតម្លៃនៃកិច្ចសន្យាចំនួន ៣០០.០០០.០០០យ៉េនជប៉ុន។

តាមរយៈការដេញថ្លៃនៅប្រទេសជប៉ុន ក្រុមហ៊ុនចម្រុះ Kubota-Metawater Joint Venture ត្រូវបានជ្រើសរើសជាក្រុមហ៊ុនម៉ៅការអនុវត្តគម្រោង និងបានចុះកិច្ចសន្យាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តំណាងដោយ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន (ដោយសារបញ្ហាជំងឺកូវីដ-១៩) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងតម្លៃគម្រោងគឺ ២,៣៤០,០០០,០០០ យ៉េនជប៉ុន បន្ទាប់ពីបានចុះកិច្ចសន្យា គម្រោងនេះបានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ៕

ប្រភព៖ ams.com.kh

ដោយ៖ មឿន ឌីណា (Moeun Dyna)