Register Already an agent ? Login

លោក គួច ចំរើន ស្វាគមន៍ក្រុមហ៊ុន SUNWAH ដែលចង់វិនិយោគលើវិស័យអចលនទ្រព្យ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ក្រុមហ៊ុនអន្តរជាតិធំមួយ មានបំណងវិនិយោគអចលនទ្រព្យ នៅខេត្តព្រះសីហនុ លោក គួច ចំរើន បានស្វាគមន៍និងបានបញ្ជាក់ថា ស្របពេលដែលខេត្ត បានអភិវឌ្ឍអគារខ្ពស់ជាច្រើន ទោះបីជារយៈពេលពីរឆ្នាំកន្លងមក ខេត្តព្រះសីហនុ រងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តែខេត្តរបស់យើងនៅតែមានការវិនិយោគលើអចលនទ្រព្យជាបន្តបន្ទាប់។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុបានបន្ត ការស្វាគមន៍ខាងលើរបស់ លោក គួច ចំរើន នៅក្នុងកិច្ចជុំនួបពិភាក្សាជាមួយ លោក លោក Jason Choi នាយកក្រុមហ៊ុន SUNWAH ស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងជុំនួបនោះ លោក Jason Choi បានមានប្រសាសន៍ឱ្យដឹងថា កន្លងមកក្រុមហ៊ុន SUNWAH បានធ្វើការវិនិយោគលើអចលនទ្រព្យនៅលើពិភពលោក ដែលមានសាខានៅហុងកុង ចិន វៀតណាម ជប៉ុន កាណាដា។ លោក បានបញ្ជាក់ថា ដោយក្រុមហ៊ុនមានគោលបំណងវិនិយោគអចលនទ្រព្យនៅខេត្តព្រះសីហនុ ដែលជាឱកាសដ៏ល្អមួយ និងជាការបើកទំព័រថ្មីផងដែរ។

នាឱកាសនោះ លោក អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងហិរញ្ញវត្ថុ។ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួងរៀបចំគ្រប់គ្រងដីធ្លី និងកំពុងប្រមូលព័ត៌មានដីធ្លីសំដៅប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តស្នាក់នៅ ទេសចរណ៍ វិនិយោគ និងអចលនទ្រព្យ។

ទន្ទឹមនោះ ខេត្ដព្រះសីហនុមានសក្តានុពលដូចជា អាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់រហូត ៣,៣០០ម៉ែត្រ ស្ថានីយ៍អ្នកដំណើរអាចទទួលភ្ញៀវ ៣លាននាក់ក្នុងមួយឆ្នាំ និងកសាងស្ថានីយ៍ចេញដំណើរកម្រិតអន្តរជាតិ។ បើតាមការលើកឡើងរបស់ លោក គួច​ចំរើន បានបន្តទៀតថា ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីអភិវឌ្ឍកំពង់ផែទឹកជ្រៅជំហានទីមួយ និងទីពីរនៅឆ្នាំ២០២៥ អាចឱ្យនាវាដែលមានជម្រៅទឹក ១៣,៥០ម៉ែត្រ អាចចូលចតបាន ដែលធ្វើឱ្យតម្លៃដឹកជញ្ជូនអាចប្រកួតប្រជែង។

លោក គួច ចំរើន បានបបន្ថែមថា ខេត្តមានផ្លូវល្បឿនលឿន ដែលអាចបើកឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២២ខាងមុខ ដែលជាសក្តានុពលគាំទ្រដល់ការអភិវឌ្ឍខេត្តព្រះសីហនុ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)