Register Already an agent ? Login

គម្រោងវិនិយោគក្រុមហ៊ុនចំនួន៦ ទុនសរុប ៦៦លានដុល្លារ មានទីតាំងនៅនៅភ្នំពេញ កំពង់ស្ពឺ តាកែវ និងព្រះសីហនុ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៦ ធ្វើរោងចក្រ និងផ្សារទំនើប នៅរាជធានីភ្នំពេញ កំពង់ស្ពឺ តាកែវ និងព្រះសីហនុ ទុនវិនិយោគសរុប ៦៦.៦លានដុល្លារ។

ក្រុមហ៊ុនទាំង៦ ដែលទទួលបានការចុះបញ្ជីជាស្ថាពរពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមានដូចខាងក្រោម៖​

១-ក្រុមហ៊ុន MEKO INTELLIGENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ទីតាំងស្ថិតនៅភូមិវះពោះឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៨២៨កន្លែង។

២-ក្រុមហ៊ុន KHALANDALE CO., LTD គម្រោងសាងសង់ផ្សារទំនើប ទីតាំងស្ថិតនៅដីឡូតិ៍លេខMx04 (CBD6) បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៦៨កន្លែង។

៣-ក្រុមហ៊ុន K (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ទីតាំងស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។

៤-ក្រុមហ៊ុន B.E.C.I.S (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតចំហាយទឹក និងខ្យល់ក្តៅផ្គត់ផ្គង់ឱ្យរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ ទីតាំងស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៦.៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨២កន្លែង។

៥-ក្រុមហ៊ុន CAMBODIAN PAW SHIELD CO., LTD គម្រោងបង្កើតរោងចក្រផលិតម្ភារៈប្រើប្រាស់សត្វចិញ្ចឹម ទីតាំងស្ថិតនៅអគារលេខ#I-4A-12 ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥.៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៩៥កន្លែង។

៦-ក្រុមហ៊ុន X.Y.H. (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,៧៨៩កន្លែង។

សូមរម្លឹកថា នៅក្នុងរយៈពេល ១ខែដំបូងដើមឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបយ៉ាងហោច ២៥គម្រោង ឬស្មើនឹងទំហំទឹកប្រាក់ជាង ២,៥ពាន់លានដុល្លារ ក្នុងនោះគម្រោងពាក់ព័ន្ធក្នុងវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យមានរហូតដល់ទៅ ១,៤ពាន់លានដុល្លារផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)