Register Already an agent ? Login

ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលបានបញ្ចប់នៅចុងខែធ្នូឆ្នាំ២០២១ នឹងដាក់សម្ពោធក្នុងពេលឆាប់ៗនេះ

សៀមរាប៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ជូន លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បានបញ្ចប់ជាស្ថាពរតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។

របាយការណ៍ដែល លោក ស៊ុន ចាន់ថុល រដ្ឋន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ទទួលបាននាពេលដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញជិះកង់ពិនិត្យមើលផ្លូវទោចក្រយាន និងផ្លូវសម្រាប់អ្នកថ្មើរជើង ក្រោយពេលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប បានបញ្ចប់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

គួររម្លឹកថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាបចំនួន៣៨ខ្សែ មានប្រវែងសរុប ១០៦.៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤៩,២១៦,៥៩៥ដុល្លារ ដោយក្នុងនោះចំនួន ៩លានដុល្លារ ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ខ្សែនេះ។ ចំណាយពេលសាងសង់ចំនួន ១៣ខែ ដែលបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)