Register Already an agent ? Login

នៅក្នុងឆ្នាំ២០២១ កម្ពុជា បានខាតបង់ប្រាក់ប្រមាណ ៤៥០លានដុល្លារ ដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖តាមការសិក្សារបស់កម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បង្ហាញថាផលប៉ះពាល់និងការខាតបង់ផ្នែកសេដ្ឋកិច្ចក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ចំណាយលើមន្ទីរពេទ្យ ទ្រព្យសម្បត្តិឯកជន ទ្រព្យសម្បត្តិជាតិ បានកើនឡើងដល់ ៤៥០លានដុល្លារ។ បើតាមការថ្លែងរបស់ ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ ដែល​ប្រើប្រាស់​ទោចក្រយានយន្ត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី២​ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស៊ុន ចាន់ ថុល បានថ្លែងបញ្ជាក់ថា «បញ្ហានេះជាការខាតបង់ដ៏ធំធេងសម្រាប់ប្រទេស ជាតិយើង»។

លោក រដ្ឋមន្រ្តី បានថ្លែងបន្តឱ្យដឹងថា យោងតាម​របាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេលពេញ ១ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន​ ២,៦៧០រកណី​ ថយចុះចំនួន ១៦ភាគរយ​ ពីឆ្នាំ២០២០ ចំនួន ១,៦៤៦នាក់។ លោក បានបន្តទៀតថា ក្នុងនោះ ចំនួនអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មានចំនួន ១,៤៩៧នាក់ ថយចុះ ១៤៥នាក់​ ស្មើ ៩ភាគរយ និងអ្នករងបួសមានចំនួន ៣,៦១៥នាក់ ថយចុះ ១,០៧១នាក់ ធៀបនឹងឆ្នាំ២០២០។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​អ្នក​ប្រើ​ប្រើ​ផ្លូវ​ទាំងអស់​ ទាំង​អ្នកបើកបរ​ម៉ូតូ​ និង​រថយន្ត​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន យល់​ពី​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​ ចំណែក​ក្រុម​ហ៊ុ​នដឹ​ក​ជញ្ជូន​ត្រូវមាន​កម្មវិធី​បណ្តុះបណ្តាល​ដល់​បុគ្គលិក​របស់ខ្លួន​ពី​ច្បាប់​ចរាចរណ៍​ ឱ្យបាន​ទូលំទូលាយ​កុំ​ពឹងផ្អែក​តែ​ទៅលើ​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ទៅ​ជួយ​ផ្សព្វផ្សាយត្រូវ​ជួយ​ផ្សព្វផ្សាយ​ទាំងអស់គ្នា។

លោក បានបញ្ជាក់ទៀតថា មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ និង​កុំ​ប្រជែង​ ក្នុងស្ថានភាព​គ្រោះថ្នាក់​ ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ការស្លាប់​ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)