Register Already an agent ? Login

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ពានអាកាសថ្មី១ទៀត តាមបណ្ដោយផ្លូវជាតិលេខ៥ នៅចុងខែមករានេះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវសាលាដែក ជាប់ខាងជើងឃ្លាំងផ្ទុកប្រេងឥន្ធនៈសូគីមិច នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

ស្ពានអាកាសថ្មី ដែលគ្រោងបើកការដ្ឋានស្ថាប នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានបណ្ដោយ ៤៨៣ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ កម្ពស់ ៥ម៉ែត្រ នៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មី ដែលបាននិងកំពុងសាងសង់បានជាង ៦៣ភាគរយ។ បើតាមការថ្លែងឱ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ បានថ្លែងបន្តថា គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី នៅបណ្ដោយផ្លូវជាតិលេខ៥នេះ គ្រោងនឹងសាងសង់ដោយប្រើរយៈពេល ១៥ខែ ពោលគឺឱ្យធ្វើហើយនៅចុងខែមេសា ឆ្នាំ២០២៣ មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ឆ្នាំ២០២៣ នាពេលខាងមុខ។

បើតាមសេចក្ដីជីនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ឱ្យដឹងថា គម្រោងនៃការសាងសង់ស្ពានអាកាសថ្មីនេះ នឹងបើកការដ្ឋាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន។ នៅថ្ងៃនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទផ្លូវជុំវិញពិធីបើកការដ្ឋាននោះ គ្រប់យានយន្តទាំងអស់ដែលធ្វើដំណើរតាមផ្លូវជាតិ៥ ចូលមកភ្នំពេញត្រូវបង្វែរទិសចរាចរតាមស្ពានព្រែកព្នៅ ឬតាមផ្លូវជាតិលេខ៥៩៨។

ជាមួយគ្នា ចំពោះយានយន្តចេញពីភ្នំពេញ ត្រូវធ្វើចរាចរទៅឡើងស្ពានមិនត្តភាពកម្ពុជា-ជប៉ុន ហើយយានយន្តដែលធ្វើដំណើរឆ្លងកាត់ស្ពានដែកបាឡេត្រូវបង្វែរទិសទៅតាមផ្លូវជាតិលេខ៦ ឬមហាវិថីអូស៊ីអាស៊ី ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនវិញ។

បើតាមសេក្ដីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា ក្រោយពីចប់ពីធីខាងលើគ្រប់យានយន្តទាំងអស់អាចធ្វើចរាចរជាធម្មតា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)