Register Already an agent ? Login

ក្រុមហ៊ុនជប៉ុន មានបំណងវិនិយោគលើផលិតកម្មសូត្រខ្មែរ និងស្នើសុំអង្គការ UNESCO ចុះបញ្ជីសូត្រជាមរតកវប្បធម៌ខ្មែរ

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន iL BRiLLE មានគោល បំណងវិនិយោគលើផលិតកម្មសូត្រខ្មែរ តាមរយ:ការបង្កើត Cambodian Golden Silk (CGS) ដើម្បីផលិតសូត្រសម្រាប់បម្រើឱ្យវិស័យវាយនភ័ណ្ឌ និងជាពិសេសកែច្នៃផលិតផលសូត្រនេះទៅជាសារធាតុប្រូតេអីនសម្រាប់យកទៅបម្រើឱ្យវិស័យគ្រឿងសំអាង ដែលកំពុងពេញនិយមសម្រាប់ស្រ្តីជនជាតិជប៉ុន និងទីផ្សារក្នុងតំបន់ នាពេលបច្ចុប្បន្ន។ បើតាមជំនួបពិភាក្សារវាង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុនជប៉ុន iL BRiLLE។

ជំនួបខាងលើធ្វើឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដែលលោក វេង សាខុន បានអនុញ្ញាតឱ្យលោកនាយកក្រុមហ៊ុនជប៉ុន iL BRiLLE ដឹកនាំដោយ លោក Takahashi អតីតអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងសហការីចូលជួបសម្តែងការគួសម និងជម្រាបជូនអំពីគម្រោងបង្កើតក្រុមការងារ «Cambodian Golden Silk (CGS)» នៅកម្ពុជានាពេលអនាគត។

នៅក្នុងជំនួបនេះ លោក នាយកក្រុមហ៊ុន បានជម្រាបជូន លោក រដ្ឋមន្រ្តីថា ដោយយល់ឃើញកម្ពុជាមានសក្តានុពលលើវិស័យផលិតកម្មសូត្រ ដែលជនជាតិខ្មែរបានប្រតិបត្តិជាប្រពៃណីអំពីការផលិតហូល-ផាមួងពីសូត្រ ជាច្រើនសតវត្សមកហើយដូចជានៅខេត្តតាកែវ បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះផលិតកម្មសូត្រខ្មែរត្រូវបានធ្លាក់ចុះ។

លោក នាយកក្រុមហ៊ុន បានលើកឡើងបន្តថា ដោយយល់ច្បាស់ពីបញ្ហានេះ ក្រុមហ៊ុនជប៉ុន iL BRiLLE មានគោល បំណងវិនិយោគលើផលិតកម្មសូត្រខ្មែរ តាមរយ:ការបង្កើត CGS ដើម្បីផលិតសូត្រសម្រាប់បម្រើឱ្យវិស័យវាយនភ័ណ្ឌ និងជាពិសេសកែច្នៃផលិតផលសូត្រនេះទៅជាសារធាតុប្រូតេអីនសម្រាប់យកទៅបម្រើឱ្យវិស័យគ្រឿងសំអាង ដែលកំពុងពេញនិយមសម្រាប់ស្រ្តីជនជាតិជប៉ុន និងទីផ្សារក្នុងតំបន់ នាពេលបច្ចុប្បន្ន។

នាឱកាសនោះ លោក នាយកក្រុមហ៊ុន បានលើកឡើងបញ្ជាក់ថា «CGS នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ទី១-ដល់ស្រ្តីតម្បាញនៅតាមជនបទដែលជាប្រភពផលិតហូល-ផាមួងមានការងារធ្វើ។ ទី២-ជួយលើកកម្ពស់តម្លៃបន្ថែមតាមរយ:ការកែច្នៃផលិតសូត្រទៅជាសារធាតុប្រូតេអីនបម្រើឱ្យវិស័យគ្រឿងសំអាង។ ទី៣-បង្កើតមជ្ឈមណ្ឌបង្កាត់ ភ្ញាស់ដង្កូវនាងពូជល្អៗ ផ្តល់ទិន្នផលខ្ពស់ រួចផ្សព្វផ្សាយជូនអ្នកចិញ្ចឹង និងទី៤-ស្នើសុំអង្គការ UNESCO ចុះបញ្ជីសូត្រជាមរតកវប្បធម៌ខ្មែរ។

បើតាមជំនួបខាងលើ លោក វេង សាខុន បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះ ការវិនិយោគរបស់ក្រុមហ៊ុន លើផលិតកម្មសូត្រខ្មែរ។ លោក រដ្ឋមន្ត្រី បានជម្រាបជូន លោកនាយកក្រុមហ៊ុន អំពីសក្តានុពលនៃដំណាំម៉ន និងផលិតកម្មសូត្រ។ លោក បានបញ្ជាក់ ដោយទទួលស្គាល់ថា ផលិតកម្មនេះត្រូវបានធ្លាក់ចុះដោយកត្តាជាច្រើន។ ក្នុងនាមជាពលរដ្ឋខ្មែរ លោក ចង់ឃើញវប្បធម៌ត្បាញហូល-ផាមួងស្ថិតនៅតែជាប្រពៃណីដ៏ផូរផង់របស់កូនខ្មែរជំនាន់ក្រោយៗ។

នាឱកាសនោះ លោក រដ្ឋមន្ត្រី បានបង្ហាញជូនភ្ញៀវបានឃើញពីឆន្ទគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវិនិយោគនេះ ព្រោះថាវានឹងជួយកសាងកម្លាំងផលិតសូត្រខ្មែរឡើងវិញ ដើម្បីបម្រើទីផ្សារសូត្រក្នុងស្រុក កាត់បន្ថយការនាំចូល ធ្វើឱ្យសិប្បកម្មតម្បាញហូល-ផាមួងដំណើរការប្រកបដោយនិរន្តរភាព។

លោក វេង​ សាខុន បញ្ជាក់ថា ពលរដ្ឋនៅមូលដ្ឋានមានការងារធ្វើកាត់បន្ថយការធ្វើចំណាកស្រុក ប្រើប្រាស់ឱ្យអស់លទ្ធភាពវត្ថុធាតុដើមផលិតចេញពីសូត្រខ្មែរ ដើម្បីបង្កើនតម្លៃបន្ថែម និងលើកកម្ពស់ប្រពៃណីវប្បធម៌ត្បាញហូល-ផាមួងដែលជាមរតករបស់បុព្វបុរសខ្មែរ។ ជាពិសេស ណែនាំឱ្យបរទេសបានស្គាល់ពីតម្លៃសូត្រខ្មែរតាមរយ:ផលិតផលនានាដែលផលិតចេញពីសូត្រ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានសម្តែងការគាំទ្រ និងសន្យារង់ចាំផ្តល់កិច្ច សហការគ្រប់បែបយ៉ាងធ្វើយ៉ាងណាឱ្យគម្រោងដំណើរទៅដោយរលូន និងទទួលបានជោគជ័យ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)