Register Already an agent ? Login

ក្រុមហ៊ុនជប៉ុន មានបំណងវិនិយោគលើដំណាំស្វាយចន្ទី នៅខេត្តព្រះវិហារលើផ្ទៃដី ១ពាន់ហិកតា នាំទៅទីផ្សារអន្តរជាតិ

ភ្នំពេញ៖ ក្រុមហ៊ុន YEBISS HOLDINGS របស់ជប៉ុន មានបំណងវិនិយោគលើដំណាំស្វាយចន្ទី លើផ្ទៃដី ១០០០ហិកតា ក្នុងខេត្តព្រះវិហារ គ្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរ ជាតិផ្សេងទៀត និងកែច្នៃសំបកគ្រាប់ស្វាយចន្ទីជាប្រេង​ ធ្វើជាសម្ភារប្រើប្រាស់ដូចជាកំប៉ុង ថង់ កែវ ទុយូ ប្រអប់ ផលិតជាកំប៉ុង ដប ថង់។ល។ បើតាមជំនួបពិភាក្សារវាង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាមួយ លោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS។

បើតាមជំនួបខាងលើធ្វើឡើងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក វេង សាខុន បានសម្តែងនូវមតិស្វាគមន៍ និងគាំទ្រ ចំពោះការវិនិយោគរបស់ក្រុមហ៊ុន លើផលិតកម្មគ្រាប់ស្វាយចន្ទី កែច្នៃ និងនាំចេញ។

ទាក់ទៅនឹងការវិនិយោគស្វាយចន្ទី លោក រដ្ឋមន្រ្តី បានជម្រាបជូន លោក នាយកក្រុមហ៊ុន អំពីសក្តានពលនៃដំណាំស្វាយចន្ទី ទិន្នផលប្រមូលបាន និងបរិមាណនាំចេញ ជាពិសេសថ្មីៗនេះមានក្រុមហ៊ុនក្នុងស្រុកមួយសហការជាមួយក្រុមហ៊ុនជប៉ុនបាននាំចេញផលិតផលស្វាយចន្ទីកែច្នៃរួចចេញទៅកាន់ទីផ្សារជប៉ុន ហើយផលិតផលនេះត្រូវបានដាក់តាំងបង្ហាញ និងមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជប៉ុនទៀតផង។

នៅក្នុងជំនូបនោះ លោក វេង សាខុន បានសង្កត់ធ្ងន់ថា គម្រោងវិនិយោគនេះ នឹងនាំមកនូវពហុប្រយោជន៍យ៉ាងច្រើនដល់កសិករ សហគមន៍ និងចម្ការស្វាយចន្ទី តាមរយ:ការផ្សព្វផ្សាយបច្ចេកទេស ពូជ ជី និងថ្នាំសម្លាប់សត្វល្អិតចង្រៃ និងជាពិសេសប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមដ៏មានតម្លៃមួយនេះ បង្កើតការងារ និងបង្កើនប្រាក់ចំណូល ដែលនេះ ប្រាកដជានឹងចូលរួមបង្កើនសេដ្ឋកិច្ចគ្រួសារ ឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។

នាឱកាសនេះ លោក រដ្ឋមន្ត្រី បានផ្តល់យោបល់ឱ្យក្រុមហ៊ុន បង្កើតរោងចក្រជាជំហានដំបូង ជាការសាកល្បងប្រើប្រាស់វត្ថុធាតុដើម (សំបក) បន្ទាប់មកធ្វើកិច្ចសន្យាប្រមូលទិញពីប្រជាកសិករ សហគមន៍ និងក្រុមហ៊ុនក្នុងស្រុកមួយចំនួនទៀត សំខាន់ជាងនេះគឺស្រូបយកពលកម្មក្នុងស្រុក បង្កើតការងារនិងបង្កើនប្រាក់ចំណូល។

លោក វេង​សាខុន បានជម្រាបជូន លោកនាយកបន្តទៀតថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យ ទីមួយគឺមានឈ្មោះល្បីលើឆាកអន្តរជាតិថាកម្ពុជាយកសំបកគ្រាប់ស្វាយចន្ទីធ្វើ ជាប្រេង និងទីពីរកម្ពុជាយកសំបងគ្រាប់ស្វាយចន្ទីជាប្រយោជន៍សម្រាប់វិស័យឧស្សាហកម្មប្លាស្ទីក កែច្នៃជាសម្ភារប្រើប្រាស់ជាពហុប្រយោជន៍ ដែលពីមុនវាមានតម្លៃស្នើសូន្យ។

បើតាមជំនួបដដែលនោះ លោកនាយកក្រុមហ៊ុន ថានឹងទទួលយកអនុសាសន៍នេះ ហើយចាប់ផ្តើមដំណើរការផែនការសកម្មភាពវិនិយោគក្នុងពេលឆាប់ៗខាងមុខនេះ ដែលនឹងត្រូវអញ្ជើញ លោករដ្ឋមន្រ្តី ជាអធិបតីក្នុងពិធីនោះផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)