Register Already an agent ? Login

លោក ស៊ុន ចាន់ថុល សូមឱ្យក្រុមហ៊ុនជប៉ុន ពិនិត្យស្ថានភាពនៅកម្ពុជាឱ្យបានល្អិតល្អន់ មុននឹងសម្រេចនាំចូលគ្រឿងចក្រកែច្នៃសំរាមប្លាស្ទិកជាបេតុងកៅស៊ូ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមហ៊ុនជប៉ុន ពិនិត្យស្ថានភាពនៅកម្ពុជាឱ្យបានល្អិតល្អន់ មុននឹងសម្រេចលើការនាំចូលបច្ចេកវិទ្យាថ្មីគឺ គ្រឿងចក្រប្រភេទកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ (AC)។ លោក បានបញ្ជាក់ថា ជាពិសេសពិនិត្យទៅលើសំរាមនៅកម្ពុជា ដែលមិនមានការបែងចែកប្រភេទសំរាម អាចបង្កជាបញ្ហាស្មុគស្មាញក្នុងការផ្គត់ផ្គង់សម្រាប់ដំណើរការកែច្នៃ និងការប្រមូលសំរាមផងដែរ។

ការថ្លែងខាងលើរបស់ លោក ស៊ុន ចាន់ថុល នៅក្នុងជំនួបកិច្ចពិភាក្សាការងារជាមួយ លោក Shu NISHIYAMA នាយកប្រតិបត្តិក្រុមហ៊ុនជប៉ុន ដែលធ្វើឡើងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយមានការអមដំណើរពីជំនាញការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

នៅក្នុងជំនួបនោះ លោក Shu NISHIYAMA បានណែនាំគ្រឿងចក្រប្រភេទថ្មី ដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ (AC) សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា

 ជាមួយគ្នានេះ លោក Shu NISHIYAMA បានស្នើសុំឱ្យក្រសួង ពិចារណាលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ដោយហេតុថាវាមានលក្ខណៈសមស្របអាចប្រើ ប្រាស់បាននៅក្នុងស្ថានភាពប្រទេសកម្ពុជា ដែលសំបូរទៅដោយភ្លៀងធ្លាក់រយៈពេលយូរ អាចធានាបាននូវការជ្រាបទឹក និងធ្វើឱ្យផ្លូវជាប់រឹងមាំបានយូរអង្វែងផងដែរ។

បើតាមជំនួបនោះ លោក ស៊ុន ចាន់ថុល នៅតែបង្ហាញនូវការគាំទ្រលើ គំនិតផ្ដួចផ្ដើមនៃការនាំយកមកប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះផងដែរ ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត។

បន្ថែមពីលើនេះ លោក រដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនរបស់ លោក Shu NISHIYAMA សិក្សាឱ្យបានលម្អិតទាក់ទងនឹង បរិមាណប្លាស្ទិកនៅកម្ពុជា ថាតើអាចផ្គត់ផ្គង់សម្រាប់ការកែច្នៃបានកម្រិតណា និងបានបញ្ជាក់ថា៖ «តម្លៃផលិតផលនោះមិនត្រូវឱ្យលើសថ្លៃបេតុងកៅស៊ូ (AC) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នទេ និងត្រូវសិក្សាអំពីបញ្ហាផលប៉ះពាល់បរិស្ថានដោយប្រៀបធៀបនឹងការប្រើប្រាស់បេតុងកៅស៊ូផងដែរ»៕

ដោយ៖ មឿន ឌីណា (Moeun Dyna)