Register Already an agent ? Login

រដ្ឋបាលខេត្តបាត់ដំបង បើកការដ្ឋានជួសជុលផ្លូវចំនួន ៦ខ្សែ ក្នុងក្រុងបាត់ដំបង ក្រាលកៅស៊ូប្រភេទ DBST ជិត ៦គីឡូម៉ែត្រ

បាត់ដំបង៖ ផ្លូវក្នុងក្រុងបាត់ដំបង ៦ខ្សែ ប្រវែងសរុប ៥,៦៥៥ម៉ែត្រ រដ្ឋបាលខេត្តបាត់ដំបងបានបើកការដ្ឋានជួសជុល ដោយក្រាលកៅស៊ូប្រភេទ DBST ជាមួយគ្នាមានការជួសជុលផ្លូវសំបុកមាន់ផងដែរ ចាប់ពីផ្លូវជាតិលេខ៥ ក្នុងក្រុង។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសផ្លូវទាំង ៦ខ្សែ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត អភិបាលក្រុង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងចៅសង្កាត់ និងប្រជាពលរដ្ឋផងដែរ។

ក្នុងពិធីនោះ លោក សុខ លូ បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលក្រុង និងសង្កាត់ រៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានឱ្យបានហើយស្រេច ទាំងចំណីផ្លូវ សំណង់អាណាធិបតេយ្យ និងការលក់ដូរគ្មានរបៀបរៀបរយនៅតាមសាធារណៈ ព្រោះបើមិនធ្វើការរៀបចំពីឥឡូវទេ ថ្ងៃទៅមុខនឹងធ្វើឱ្យសណ្ដាប់ធ្នាប់ក្នុងក្រុងកាន់តែគ្មានរបៀបរៀបរយ ហើយពេលដែលមានគម្រោងចង់ពង្រីកផ្លូវ បង្ករការលំបាកក្រុមការងារក្នុងការដោះស្រាយ។

នាឱកាសនោះ លោក អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះរៀបចំសំរាម កាកសំណល់ផ្សេងៗឱ្យមានរបៀប និងចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់ ដើម្បីយើងអាចប្រើប្រាស់ផ្លូវថ្នល់បានយូរអង្វែង និងដើម្បីសោភ័ណភាពក្នុងក្រុងបាត់ដំបង ឱ្យសក្កិសមនឹងក្រុងដែលទើបទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

ចំពោះដំណើរការជួសជុលផ្លូវក្នុងក្រុងនេះ រដ្ឋបាលខេត្តបានរៀបចំធ្វើការជួសជុលកំណាត់ផ្លូវដូចខាងក្រោម៖

-ជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ៥២៦ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ៥១៥ (ផ្លូវទៅវត្តពោធិ៍ ពីមុខស្នាក់ការ ស.ស.យ.ក ខេត្ត) ដែលមានប្រវែង ១១៦៥ម៉ែត្រ គុណ ១០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

-ជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ៦១៤ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ១៥៣ (ផ្លូវមុខស្នងការនគរបាលខេត្ត ពីស្តុបរំចេក ដល់ផ្លូវមាត់ស្ទឹង) ដែលមានប្រវែង ១៥២០ម៉ែត្រ គុណ ៨ម៉ែត្រ ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។

-ជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ៥៣០ ចាប់ពីផ្លូវជាតិលេខ៥ (ខាងជើងព្រះនរាយណ៍) ដល់ផ្លូវលេខ ៥១៥ ដែលមានប្រវែង ១១៦៥ម៉ែត្រ ៨ម៉ែត្រ ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

-ជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ៧១៦ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ៧០០ (មុខយោធភូមិភាគទី៥ ផ្លូវចំការដូង)ដែលមាន ទំហំ ១០៥០ម៉ែត្រ ៨ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

-ជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ១៣៩ ពីផ្លូវលេខ៣ ដល់ផ្លូវលេខ១០៦ (ផ្លូវក្រោយបុរី កាណាឌីយ៉ា) ដែលមានប្រវែង ៥០៥ម៉ែត្រ ៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

-ជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ១១១ ពីផ្លូវលេខ៥២៤ ដល់ផ្លូវលេខ១១៥ (ផ្លូវខាងជើងអតីតសណ្ឋាគារ ហូលីដេ) ដែលមានប្រវែង ២៥០ម៉ែត្រ ៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)