Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់ស្ពានបេតុងខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចបានជាង ៦៣%

ភ្នំពេញ៖ វឌ្ឍនភាព ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្រេចបាន ៦៣.៧ភាគរយ គ្រោងចំណាយអស់ទឹកប្រាក់ប្រមាណ ៤៣លានដុល្លា។ បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តថា តាមផែនការ គម្រោងសាងសង់នឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៣ ពេលខាងមុខ។

មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តឱ្យដឹងថា គម្រោងស្ពាននេះ មានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។

ស្ពានបេតុង ដែលស្ថាបនានៅអម ជាមួយស្ពានបាឡេនៅមុខឃ្លាំងសាំងនេះមានប្រវែង ៩២២ម៉ែត្រ មានទទឹង ២០.៥ម៉ែត្រ។ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១.២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ។

សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន៤ គន្លងខ្សែយានយន្តទទឹង ៣.៧៥ម៉ែត្រ  គន្លងធ្វើចរាចរ ២ខ្សែទៅ២ខ្សែ មក កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០.៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ស្លាកសញ្ញាចរាចរ។

ស្ពាននេះសាងសង់ ដោយក្រុមហ៊ុន OCIC ត្រូវបានបើកការដ្ឋានកាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេច ហ៊ុន សែន បច្ចុប្បន្នបានចំណាយថវិកាប្រមាណ ៣៥លានដុល្លារ។

គួរបញ្ជាក់ថា ស្ពាននេះនឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ឆ្នាំ២០២៣ ខាងមុខ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)