Register Already an agent ? Login

ក្រុមហ៊ុនសាជីវកម្មកូរ៉េខាងត្បូងធំមួយ មានបំណងវិនិយោគហេដ្ឋាវិស័យរចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគហេដ្ឋាវិស័យរចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ បើតាមជំនួបកិច្ចពិភាក្សាប្រព័ន្ធដេអូពីចម្ងាយរវាង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឡេង ធនយុទ្ធា និង លោក Han Jung Suk គណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation ធ្វើឡើងកាលពីថ្ងៃទី២៤​ ខែមករា ឆ្នាំ២០២២។

បើតាម​ទំព័រហ្វេសប៊ុកក្រសួងដឹកជញ្ជូន បានបន្តឱ្យដឹងថា ក្នុងជំនួប នាឱកាសនោះ លោក រដ្ឋលេខាធិការ បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃគម្រោងសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគតទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀតនៅកម្ពុជា។

បើតាមជំនួបនោះ លោក ឡេង ធនយុទ្ធា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍រាល់ការវិនិយោគគ្រប់ប្រភេទទាំងអស់ ជាពិសេសការវិនិយោគក្នុងភាពជាដៃគូរដ្ឋនិងឯកជន (PPP) និងការវិនិយោគឈរលើគោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT)។

នាឱកាសនោះ លោក រដ្ឋលេខាធិការ បានស្នើឱ្យក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation ពិនិត្យលទ្ធភាពវិនិយោគលើការអភិវឌ្ឍផ្លូវល្បឿនលឿន មធ្យោបាយដឹកជញ្ជូនសាធារណៈ(Mass Transit) និងផ្លូវក្រវាត់ក្រុងរាជធានីភ្នំពេញព្រមទាំងកំពង់ផែជាដើម។

សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានដឹកនាំដោយលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន។

ក្នុងជំនួបនោះ សម្ដេចតេជោ បានគូសបញ្ជាក់ថាយើងនឹងបញ្ចប់ការកសាងផ្លូវល្បឿនលឿននៅពេលខាងមុខពីភ្នំពេញទៅខេត្តព្រះសីហនុ ហើយកំពុងពិចារណាលើការកសាងផ្លូវរថភ្លើងល្បឿនលឿនផងដែរ រវាងភ្នំពេញ និងប្រទេសថៃ និងភ្នំពេញប្រទេសវៀតណាមនៅពេលអនាគត។

បើតាមជំនួបខាងលើ សម្ដេចតេជោ ក៏បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលឆ្នាំ២០២០ ដោយសារឥទ្ធិពលនៃកូវីដ-១៩ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ប៉ុន្តែឆ្នាំ២០២១កន្លងទៅបានឡើងជាង ៣% ឯណោះ ខណ:ធនាគារពិភពលោកបានទស្សន៍ទាយថាអាចកើនឡើងបានប្រមាណ ២% ប៉ុន្តែជាក់ស្ដែងបានកើនឡើងរហូតដល់ជាង ៣%ឯណោះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)