Register Already an agent ? Login

ប្រជាពលរដ្ឋជាង ១,៤ម៉ឺនគ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកបឹងទន្លេសាប ជូនរដ្ឋវិញជាង ៦ម៉ឺនហិកតា

ភ្នំពេញ៖ ប្រជាពលរដ្ឋ ១៤,៤៩០គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកនៅតាមបឹងទន្លេសាប (តំបន់៣) មកឱ្យរដ្ឋវិញ ក្នុងទំហំ ៦០,៣៦០.៤ហិកតា។ បើតាមការថ្លែងរបស់ លោក វេង​ សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅពិធីបិទកិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។

នៅក្នុងពិធីខាងលើ លោក វេង សាខុន បានថ្លែងបន្តថា បានដាំកូនឈើព្រៃលិចទឹកចំរុះបានចំនួន ៣៤,៩១១ដើម ឬស្សីចំនួន ៧.៦៨៩ដើម កូនត្នោតចំនួន ៣៣៩ដើម និងកប់គ្រាប់ត្នោតចំនួន ២០៥,៣៨៥គ្រាប់។ ជាមួយគ្នានេះ អាជ្ញាធរពាក់ព័ន្ធបានបោះបង្គោលព្រំប្រទល់ការពារព្រៃលិចទឹកបានចំនួន ១៣៦ដើម និងនៅខេត្តជុំវិញបឹងទន្លេសាបសរុបចំនួន ១,០២១ដើម។

លោក រដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ច របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលជលផលក្នុងការអនុវត្តគោលនយោបាយ ផែនការអភិវឌ្ឍ ការការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារទប់ ស្កាត់និងបង្រ្គាបបទល្មើសជលផល ការកាប់ទន្ទ្រានព្រៃលិចទឹក និងព្រៃកោងកាងយកធ្វើជាកម្មសិទ្ធិ ការអភិវឌ្ឍវិស័យវារីវប្បកម្មទឹកសាប និងសមុទ្រ និងការអភិវឌ្ឍសហគមន៍នេសាទ ក្នុង រយៈពេល ១ឆ្នាំកន្លងមកនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)