Register Already an agent ? Login

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីអបអរសាទរជ័យលាភី ទទួលពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធពិធីអបអរសាទរ និងដង្ហែពានរង្វាន់ជ័យលាភីក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ដែលបានទទួលពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។

ពិធីខាងលើ ក្រោមអធិបតីភាព លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាល អភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួម ពី សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងជាង ១០០០នាក់ នៅមុខបរិវេណមុខអគារសារមន្ទីររដ្ឋបាលខេត្តបាត់ដំបង និងដង្ហែតាមផ្លូវធំៗមួយចំនួនក្នុងក្រុងបាត់ដំបង។

បើតាមពិធីខាងលើ លោក សុខ លូ បានមានប្រសាសន៍បញ្ជាក់ថា ការទទួលបាននូវពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ គឺមិនមែនជាភាពចៃដន្យនោះទេ តែជាការចូលរួមទាំងអស់គ្នា ទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ បានចូលរួមយ៉ាងសស្រាក់សស្រាំទើបធ្វើឱ្យខេត្តបាត់ដំបងមានថ្ងៃនេះ។

នាឱកាសនោះ លោក អភិបាលខេត្ត បានលើកបង្ហាញឱ្យដឹងបន្ថែមទៀតថា ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥។

លោក សុខ លូ បានបន្ថែមថា សំដៅធ្វើឱ្យអាស៊ាន ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដើម្បីចូលរួមលើកម្ពស់វិស័យទេសចរណ៍របស់ជាតិ ជាពិសេសជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានការរីកចម្រើន ខណៈពេលដែលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ថា ជាមាសបៃតងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិថែមទៀតផង ។

លោក អភិបាលខេត្ត មានសង្ឃឹមយ៉ាងមុតមាំដល់ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមទៀត ជាពិសេសលើការងារគ្រប់គ្រងបរិស្ថាន កាកសំណល់រឹងរាវឱ្យបានល្អ និងកត្តាសំខាន់ៗផ្សេងៗទៀត ទើបទីក្រុងយើងរក្សាបាននូវនិរន្តរភាពជាទីក្រុងស្អាតនៅពេលក្រោយៗទៀត៕

ដោយ៖ មឿន ឌីណា (Moeu Dyna)