Register Already an agent ? Login

រដ្ឋាភិបាលកូរ៉េខាងត្បូង ផ្ដល់ជំនួយ ៧លានដុល្លារ សាងសង់អគារសម្ភព និងថែទាំទារក នៅខេត្តរតនគិរី

រតនគិរី៖ រដ្ឋាភិបាលកូរ៉េចាងត្បូង តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្ដល់ជំនួយថវិកាចំនួន ៧លានដុល្លារ សាងសង់អគារសម្ភព និងថែទាំទារក នៃគម្រោងពង្រឹងសុខភាពមាតា និងទារក នៅខេត្តរតនគិរី។ បើតាមមន្ទីរព័ត៌មានខេត្តរតនគិរី។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ផាក ហ៊ឹងក្យុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា បាន​អញ្ជើញជាអធិបតីប្រារព្ធពិធីបញ្ចុះបឋមសិលា សាងសង់អគារសម្ភព និងថែទាំទារក កាលពីថ្ងៃទី២១​ខែមករា ឆ្នាំ២០២២ ក៏មានការចូលរួមពី លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លោក Hyunjun RHO នាយកទីភ្នាក់ងារ KOICA ប្រចាំប្រទេសកម្ពុជា។ បើតាមការបន្តរបស់ មន្ទីរព័ត៌មានរតនគិរី បានបន្តថា ពិធីនេះប្រារព្ធធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

នៅក្នុងពិធីខាងលើ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានជួយគាំទ្រថវិកា លើគម្រោងសុខភាពមាតា និងទារក។ លោក បានបន្តថា គម្រោងនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់ប្រជាជនក្នុងខេត្តរតនគិរី។

លោក ​អភិបាលខេត្តរតនគិរី បានថ្លែងបន្តទៀតថា លើសពីនេះតាមរយៈសកម្មភាពនានា នៃគម្រោងក៏បានចូលរួមចំណែកបន្ថែម ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលក្នុងខេត្តរតនគិរី ឱ្យកាន់តែមានគុណភាពប្រសើរឡើងបន្ថែមទៀត។ នាឱកាសនោះ លោក ញ៉ែម សំអឿន ក៏បានស្នើសុំ ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ដើម្បីផ្តល់នូវគម្រោងសាងសង់អគារមន្ទីរពេទ្យមិត្ត ភា ពកម្ពុជា-កូរ៉េ នៅក្នុងមន្ទីរពេទ្យខេត្តរតនគិរី ដើម្បីជួយសម្រួលការលំបាកដល់ប្រជាជនខេត្តរតនគិរី។

លោក ផាក ហ៊ឹងក្យុង បានថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសដៃគូរដ៏សំខាន់ចំពោះជំនួយអភិវឌ្ឍន៏ផ្លូវការ (ODA) របស់សាធារណរដ្ឋកូរ៉េ។ លោក បានបន្តថា ចំណងភាពជាដៃគូរបានចាប់ផ្តើមពីកម្រិតស្ដួចស្ដើងបំផុត សាធារណរដ្ឋកូរ៉េបានចាប់ផ្តើមផ្តល់ជំនួយមនុស្សធម៌មកដល់កម្ពុជា ក្នុងកម្រិតដ៏តូចក្នុងដើមឆ្នាំ១៩៩០។

ពេលបច្ចុប្បន្ន ភាពជាដៃគូរក្នុងជំនួយអភិវឌ្ឍន៏ផ្លូវការ (ODA)នេះ បានពង្រីកយ៉ាងធំធេងដែលមានគម្រោងសរុបចំនួន៧០ ដែលមាននៅក្នុងវិស័យនានាដូចជា សុខាភិបាល អប់រំ ឧស្សាហកម្ម ប្រព័ន្ធព័ត៌មានវិទ្យា និងវប្បធម៌។ បើតាមការថ្លែងបន្តទៀតរបស់ លោក ផាក ហ៊ឹងក្យុង។

ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា អគារសម្ភព និងថែទាំទារក នៃគម្រោងពង្រឹងសុខភាព មាតានិងទារកសាងសង់ចប់ នឹងដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សេវាថែទាំសុខភាពយ៉ាងល្អប្រសើរទៅកាន់ម្តាយ និងទារកនៅក្នុងខេត្តរតនគិរី ដែលនឹងក្លាយជាផ្នែកនៃការអភិវឌ្ឍមួយចំពោះប្រព័ន្ធសុខាភិបាលនៅក្នុងតំបន់នេះផងដែរ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា គម្រោងពង្រឹងសុខភាពមាតា និងទារកនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា ដែលត្រូវបានគេស្គាល់ថា ជាគម្រោង «គីរី» បានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២០ ជាមួយនឹងមូលនិធិចំនួន ៧លានដុល្លារ ពី KOICA ។ លោក បានបញ្ជាក់ថា គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវគុណភាពនៃការផ្តល់សេវាសុខភាពមាតា និងទារក ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពមកទទួលសេវាសុខភាពមាតា និងទារក និងការ លើកកម្ពស់ចំណេះដឹងរបស់សហគមន៍រហូតដល់ឆ្នាំ២០២៣។

សូមបញ្ជាក់ថា KOICA ក៏បានផ្តល់បន្ថែមទៀតនូវ អគារសម្ភពក្នុងមណ្ឌលសុខភាពចំនួន៣ នៅខេត្តរតនគិរីរួមមាន៖ មណ្ឌលសុខភាពតាវែង អណ្តូងមាស និងអូរជុំ ដែលនឹងត្រូវបានសាងសង់ក្នុងពេលជាមួយគ្នាទៅនឹងអគារសម្ភព និងថែទាំទារកនេះផងដែរ។

ក្នុងរយៈ ១៣ខែខាងមុខ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ អគារសម្ភព ក្នុងមណ្ឌលសុខភាពទាំង៣ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពសាធារណៈ ក្នុងតំបន់ដាច់ស្រយ៉ាល ក្នុងការផ្តល់សេវាសំខាន់ៗមួយចំនួនរួមមានសេវាការពិនិត្យផ្ទៃពោះមុនសំរាល កន្លែងសម្ភព ការពិនិត្យសុខភាពក្រោយសំរាលជាដើម។

ក្រៅពីមុខងារជាអគារសម្ភព ក្នុងមណ្ឌលសុខភាព អគារសម្ភព នឹងថែទាំទារក និងផ្ដល់សេវាជាការសង្គ្រោះបន្ទាន់ ដោយមានបន្ទប់រងចាំសម្រាល និងបន្ទប់ក្រោយសំរាលផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)