Register Already an agent ? Login

លោក វ៉ី សំណាង ដកហូតដីព្រៃរដ្ឋ ៧៨៤ហិកតា ពីជនមិនស្គាល់មុខ ក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ លោក​ វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចេញដីកាបដិសេធ និងបានដកហូតដីព្រៃរដ្ឋ ដែលទទួល​រង​នូវការ​កាប់​គាស់ ​រុករាន​ ទន្ទ្រាន​យក​ ​វាតយក​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុសច្បាប់ មាន​ផ្ទៃដី​សរុប ​៧៨៤ហិកតា ​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឱរ៉ាល់ ​ត្រង់​ចំណុច​ភូមិត្រាង​ និង​ភូមិ​ចំបក់ ​ឃុំ​ត្រពាំងជោរ​ ស្រុក​ឱរ៉ាល់ ​ខេត្ត​កំពង់​ស្ពឺ។

យោងតាមលិខិតលេខ០៥/២២ ដ.ក ដែលចុះហត្ថលេខាដោយ លោក​ វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០​ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការបដិសេធ ​និង​ដក​ហូត​ដី​ព្រៃឈើ​ដែល​ទទួលរង​នូវ​ការកាប់​គាស់ ​រុករាន ​ទន្ទ្រាន​យកដី​ព្រៃ​របស់​រដ្ឋ​ដើម្បី​វាតយក​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់​ត្រូវបាន​កំណត់​រយៈ​ពេល​ ៣០ថ្ងៃ ​នៃ​ថ្ងៃធ្វើការ ​សម្រាប់​ទុក​សិទ្ធិ​ដើម្បី​​តវ៉ា។

នៅក្នុងលិខិតខាងលើបានបន្តថា រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ រដ្ឋបាល​ស្រុក​ឱរ៉ាល់ ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ​ការិយាល័យ​ដែន​ជម្រក​សត្វព្រៃ ​អនុគណៈ​កម្មាធិការ​ខេត្ត​ ក្រុម​ការងារ​ដើម្បី​ទប់ស្កាត់ ​លុប​បំបាត់ ​និង​បង្ក្រាប​ការកាប់​គាស់ ​រុករាន ​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​ ដើម្បី​វាតយក​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​លើ​តំបន់​ការពារ​ធម្មជាតិ ​និង​អ្នកពាក់ព័ន្ធ​នានា ​ត្រូវអនុវត្ត​ដីកា​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​ត​ទៅ។

បើតាម លោក អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ​កត្តា​សំខាន់​ដែលរដ្ឋ​បាល​ខេត្ត​ដកហូត​យក​ដី​មក​វិញ​នេះ​ ដោយ​សារតែ ​មានជន​មិន​ស្គាល់​មុខ​ចូល​ទៅ​ទន្ទ្រាន​រានយក​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។

បើតាមកាសែតខាងលើបានស្រង់សសំដី លោក អភិបាលខេត្តកំពង់ស្ពឺបន្តថា ទោះជា​យ៉ាងណា ​ជាជំហាន​បន្ទាប់ពី​សេចក្តី​សម្រេច​នេះ ​រដ្ឋបាល​ខេត្ត​នឹង​ខិតខំ​ស្រាវជ្រាវសាវតា​ជន​ដែលចូល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​របស់​រដ្ឋ​នេះ​ ដើម្បី​នាំ​ខ្លួនយកមក​ឱ្យ​សង​ការខូចខាត​ទៅលើ​ការកាន់​កាប់​ដីព្រៃ​ឈើ​នេះ។ លោក វ៉ី​ សំណាង បានថ្លែងបញ្ជាក់ ​៖«នៅ​ពេល​រក​គាត់​ឃើញ ​យើង​ឱ្យ​គាត់​ដាំ​ដើមឈើ​ឡើង​វិញ​ ជំនួស​ឱ្យ​ការខូច​ខាត​ទាំង​អស់»។

រយៈពេល​កន្លង​មកនេះ ​មន្ទីរ​បរិស្ថាន​ខេត្ត ​ក៏ដូចជា​នាយក​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ​បានដាក់​សំណើ​ជាច្រើន​ ទៅ​រដ្ឋបាល​ខេត្ត ​ដើម្បី​ចេញ​ដីកា​ដកហូត​ដីព្រៃ​ជាបន្ត​បន្ទាប់​ ប៉ុន្តែ​ករណី​ទន្ទ្រាន​ដីព្រៃ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ​មិនថយ​ចុះ​នោះ​ទេ។ បើតាមការលើកឡើងរបស់ លោក​ជា ហ៊ាន ​ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទប់​ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ ​និង​ការពារ​សិទ្ធិ​ពលរដ្ឋ ដែលកាសែតភ្នំពេញប៉ុស្តិ៍បានស្រង់សំដី។

លោក​ជា ហ៊ាន បានលើកឡើងបន្តថា ការមិន​ថយ​ចុះ​នេះ ​ដោយ​សារតែ ​នៅពេល​ដែល​មាន​ការដក​ហូត​រួចហើយ ​មិនមាន​ឃើញ​ជន​អ្នកប្រព្រឹត្ត​ណាមួយ​ ត្រូវបាន​ទទួល​ទោស​តាម​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ ​នៅ​ឡើយ​ទេ។ ដូច្នេះ ​បាន​ជាជន​ល្មើស​មិនខ្លាច​ និង​មិន​រាងចាល​ក្នុង​ការលួច​ចូល​ទៅ​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ជាបន្ត​បន្ទាប់។ ករណីនេះ​ លោក ​នឹង​បន្ត​ស្នើសុំ​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ឱ្យ​ចេញ​ដីកា​ការពារ​នូវ​ដីព្រៃ​ដែល​ដកហូត​នេះ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ បាននិងកំពុងដកហូតដីកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ជាបន្ដបន្ទាប់។ កាលពីខែមីនា និងខែសីហា ឆ្នាំ២០២១ ដី ១១ទីតាំង ទំហំជាង ៥៦០ហិកតា ត្រូវបានដកហូត។

គិតត្រឹមឆ្នាំ២០២០ អភិបាលខេត្តកំពង់ស្ពឺ បានដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិទំហំជាង ៤០០០ហិកតា មកជាសម្បត្តិរដ្ឋវិញ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)