Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ តម្លៃ ១៩០លានដុល្លារ សម្រេចបាន ៥០%

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននឹងកំពុងជំរុញពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិត ៣៩០,០០០ម៉ែត្រគូបថ្ងៃ (ជំហានទី១ ១៩៥,០០០ម៣/ថ្ងៃ និងជំហានទី២ ១៩៥,០០០ម៣/ថ្ងៃ) សម្រេចបានប្រមាណ ៥០% នៃគម្រោងសាងសង់ជំហានទី១ ដែលគ្រោងបញ្ចប់ ហើយដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៣ ដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

បើតាមរដ្ឋាករស្វយ័តក្រុងភ្នំពេញបានបញ្ជាក់ថា បច្ចុប្បន្នកំណើនប្រជាពលរដ្ឋ ការវិនិយោគវិស័យសំណង់ (ខុនដូ បុរី ឃ្លាំង ផ្សារទំនើប) វិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការលូតលាស់កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ដែលជាហេតុនាំឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនលើសពីសមត្ថភាពផលិត (តម្រូវការប្រើប្រាស់ទឹកជាង ៧០០,០០០ម៉ែតគូបក្នុងថ្ងៃ ឯសមត្ថភាពផលិតមានត្រឹម ៦០០,០០០ម៣/ថ្ងៃ)។

គួរបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ប្រើទុនវិនិយោគសរុប ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

រោងចក្រនេះ ជាការសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា និងមាន ២ជំហាន។ ជំហានទី១ គ្រោងនឹងបញ្ចប់នៅដើម ឆ្នាំ២០២៣ ដោយនឹងអាចផលិតទឹកបានជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈជំហានទី២ នឹងពង្រីកសមត្ថភាពដល់ទៅជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំនៅឆ្នាំ២០២៤៕

ដោយ៖ មឿន ឌីណា (Moeun Dyna)