Register Already an agent ? Login

អគារពាណិជ្ជកម្មទំនើបប្រណីត ជីប ម៉ុង ថៅវើ កម្ពស់៤៥ជាន់ តម្លៃ២៣០លានដុល្លារ បានបញ្ចប់ការសាងសង់ដល់ជាន់កំពូល

ភ្នំពេញ៖ អគារ ជីប ម៉ុង ថៅវើ កម្ពស់៤៥ជាន់ ជាអគារពាណិជ្ជកម្មទំនើបប្រណីត ដែលរួមបញ្ចូលគ្នានូវផ្នែកបដិសណ្ឋារកិច្ច ការិយាល័យធ្វើការ ផ្សារទំនើប និងការកម្សាន្តដ៏សម្បូរបែបនៅក្នុងអគារតែមួយ។ អគារដែលវិនិយោគប្រកបដោយទំនុកចិត្តខ្ពស់បំផុត រហូតដល់ ២៣០លានដុល្លារ បានបញ្ចប់ការសាងសង់ដល់ជាន់កំពូលហើយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

ជីប ម៉ុង ថៅវើ ដែលមាន​ទីតាំងនៅ​ជិត​ស្ពាន​អាកាស​សាលា​តិចណូ និង​បាន​បើក​ការដ្ឋាន​សាងសង់​កាលពីដើមឆ្នាំ​ ២០១៩ លើ​ផ្ទៃដី​ទំហំ ១៤ ០៤២​ ម៉ែត្រការ៉េ ​ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​ស្ថាបត្យកម្ម​ដ៏​ទំនើប​ហើយនឹង​ត្រូវ​ប្រើប្រាស់​ជា​អគារ​ពាណិជ្ជកម្ម​ចម្រុះ។

បន្ទាប់ពី ៣៦ខែនៃការសាងសង់ឥតឈប់ឈរ ឥឡូវនេះ គ្រោងអគារ ជីប ម៉ុង ថៅវើ បានសម្រេចដល់កំពូលនៅកម្ពស់ ១៨៥ម៉ែត្រ។ នេះគឺជាជំហានមួយដ៏ជោគជ័យរបស់ជីប ម៉ុង ថៅវើ ក្នុងការត្រៀមខ្លួនក្លាយជាអគារពាណិជ្ជកម្មដ៏សំខាន់សម្រាប់វិស័យធុរកិច្ច។

អគារដ៏ស្កឹមស្កៃ លេចត្រដែត និងជួយបង្កើនសម្រស់ទីក្រុង ជីប ម៉ុង ថៅវើ ដែលជាអគារមួយក្នុងចំណោមអគារខ្ពស់ដាច់គេនៅរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបញ្ចប់ការសាងសង់គ្រោងអគារ នាព្រឹកថ្ងៃទី១៤ ខែមករា ឆាំ្ន២០២២នេះ យ៉ាងគគ្រឹកគគ្រេង ក្រោមវត្តមានអ្នកជំនួញជាតិ និងអន្តរជាតិ។

អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិនេះកំពុងបោះជំហានមួយដំណាក់ទៀត ដើម្បីត្រៀមខ្លួនបម្រើសេវាកម្មផ្នែកផ្សារទំនើប សណ្ឋាគារលំដាប់ពិភពលោក ការិយាល័យធ្វើការ រោងភាពយន្ត សាលប្រជុំដ៏ទំនើប អាងហែលទឹក និងកន្លែងហាត់ប្រាណ ភោជនីយដ្ឋាន ស្កាយបារ៍ និងកន្លែងកម្សាន្តដ៏ច្រើនសន្ធឹកសន្ធាប់។

នៅក្នុងពិធីបញ្ចប់ការសាងសង់គ្រោងអគារដល់ជាន់កំពូលនៃ ជីប ម៉ុង ថៅវើ សហស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង លោក លាង ឃុន បានថ្លែងថា សមិទ្ធផលដ៏ថ្មី និងធំធេងនេះ គឺកើតចេញពីកិច្ចខិតខំរបស់គណៈគ្រប់គ្រង ក្រុមការងារ និងដៃគូទាំងអស់។

លោក បានថ្លែងបញ្ជាក់ថា អគារ​ពាណិជ្ជកម្ម​ចម្រុះ​នេះ គឺជា​សក្ខីភាព​នៃ​ការអភិវឌ្ឍ និង​ការវិនិយោគ​ឥតឈប់ឈរ​របស់​ក្រុមហ៊ុន ជាក់ស្តែង​ទោះបី​ក្នុង​អំឡុងពេល​នៃ​បរិបទ​ជំងឺ​កូវីដ​-១៩ ក៏​ក្រុមហ៊ុន​បាន​បន្ត​អភិវឌ្ឍ​គម្រោង​របស់ខ្លួន​ជា​បន្តបន្ទាប់​ដែលមាន​ដូចជា ផាកលែន​ពោធិ៍ចិនតុង​ លែនម៉ាក ៦០​ម៉ែត្រ និង​ជីប ម៉ុង សែនសុខ ជាដើម​។

​លោក បានថ្លែងបន្តថា ខ្ញុំសង្ឃឹម​យ៉ាង​មុតមាំ​ថា អគារ ជីប ម៉ុង ថៅវើ ដែល​នឹង​បង្ហាញខ្លួន​យ៉ាង​ពេញលេញ​នាពេល​ដ៏ខ្លី​ខាងមុខ​នឹង​នាំ​មុខមាត់​ថ្មី​ជូន​កម្ពុជា​ក្នុងនាម​ជា​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ប្រកបដោយ​សក្តានុពល ដែល​នឹង​ផ្តល់នូវ​ភាពប្រណីត​ទាន់សម័យ និង​បម្រើ​ផ្នែក​ពាណិជ្ជកម្ម​ដើម្បី​បំពេញតម្រូវការ​របស់​ធុរជន​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍។

នៅក្នុងពិធីនោះ លោក Simon DELL អគ្គនាយករង​ជាន់ខ្ពស់​ផ្នែក​យុទ្ធសាស្ត្រ និង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន ជីប បានថ្លែងថា ​ក្រៅពី​គាំទ្រ​ផ្នែក​ពាណិជ្ជកម្ម និង​ទេសចរណ៍​នៅ​កម្ពុជា មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នេះ​ក៏បាន​បង្កើត​ឱកាស​ការងារ​ជាច្រើន​ដែល​រួមចំណែក​លើកស្ទួយ​ជីវភាព​របស់​សហគមន៍ ក៏ដូចជា​លើកកម្ពស់​វិស័យ​អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ​ជាពិសេស​បាន​គាំទ្រ​ដល់​អាជីវកម្ម​តូចៗ​ជុំវិញ​តំបន់​។

គួរបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល បានបើកដំណើរការហើយ នៅព្រឹកថ្ងៃទី១៩ មករា ២០២២។ ក្នុងនោះ ហាងជាច្រើនដូចជា Nature Republic, Café Amazon, Potato Corner, Bose, Scorpion & Co, U Care, Eye Care, K Four, Papa John’s, Starbucks, Louisiana, Doozii, Ten11, Wavera, Pka k'nhey, Steaklub, Misigga, Bong Crab, Masao, Food Park និងផ្សារទំនើប Chip Mong Supermarket៕

ដោយ៖ មឿន ឌីណា (Moeun Dyna)