Register Already an agent ? Login

ក្នុងតំបន់អាស៊ាន កម្ពុជាជាប្រទេសទី១ បានប្ដេជ្ញាសម្រេចឱ្យបាននូវអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០

ភ្នំពេញ៖ ព័ត៌មាន PR Newswire បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ថា ប្រទេសកម្ពុជា បើកទំព័រឆ្នាំថ្មីដោយក្លាយជាប្រទេសទី១ ក្នុងតំបន់អាស៊ាន ដែលបានបោះពុម្ពផ្សាយផែនការ ដើម្បីសម្រេចឱ្យបាននូវ «អព្យាក្រឹតភាពកាបូន» (Carbon Neutrality) នៅត្រឹមឆ្នាំ២០៥០។

ព័ត៌មាន PR Newswire បានផ្សាយបន្តថា ផែនទីបង្ហាញផ្លូវដែលគេស្គាល់ជាផ្លូវការថា យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន បានដាក់ជូនសន្និបាតអង្គការសហប្រជាជាតិស្តីពីការបម្រែបម្រួលអាកាសធាតុ (United Nations Convention on Climate Change (UNFCCC)) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

ព័ត៌មាន PR Newswire បានបន្តទៀតថា គឺជាការបំពេញតាមការសន្យា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើបទបង្ហាញផែនការនេះកាលពីចុងឆ្នាំ២០២១ ហើយវាក៏ជាការបំពេញតាមការសន្យា របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ក្នុងសន្និបាទអង្គការសហប្រជាជាតិស្តីពី បម្រែប្រួលអាកា​សធាតុ COP26 Glasgow កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជានឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឱ្យបានលើសពី ៤០% នៅត្រឹមឆ្នាំ២០៣០។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានមានប្រសាសន៍ថា ការអនុវត្តយុទ្ធសាស្ត្រអព្យាក្រឹតភាពកាបូននៅកម្ពុជា ត្រូវបានរំពឹងថា នឹងបង្កើនផលិតផលក្នុងស្រុកសរុប របស់ប្រទេសកម្ពុជាជិត ៣% ហើយអាចបង្កើតការងារបានចំនួន៤៤៩,០០០កន្លែង នៅត្រឹមឆ្នាំ២០៥០។ លោក បាន​បន្តថា កំណែទម្រង់វិស័យព្រៃឈើ ការកាត់បន្ថយកាបូនក្នុងប្រព័ន្ធដឹកជញ្ជូន និងការលើកកម្ពស់ដំណើរការផលិតកម្មកសិកម្ម និងទំនិញដែលមានកាបូនទាប នឹងនាំកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងវិបុលភាពប្រក​ប​ដោយនិរន្តរភាពសម្រាប់ទាំងអស់គ្នា។ បើតាមការបន្ថែមរបស់ ព័ត៌មាន PR Newswire។

យុទ្ធសាស្ត្ររយៈពេលវែង សម្រាប់អព្យាក្រឹតភាពកាបូន របស់កម្ពុជា ត្រូវបានរៀបចំឡើងទុកជាវិធីសាស្រ្តរួមមួយ ដែលស្វែងរកតុល្យភាពកំណើនសេដ្ឋកិច្ច និងយុត្តិធម៌សង្គម ជាមួយការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងភាពធន់ទ្រាំនឹងអាកាសធាតុ។ បើតាមករប្រភពខាងលើ បានបន្ថែកទៀតថា យុទ្ធសាស្ត្រនេះ មានការចូលរួមផ្ដល់ធាតុចូលពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើនរួមមាន Cambodia Climate Change Alliance ធនាគារពិភពលោក អង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិ វិទ្យាស្ថាន Global Green Growth Institute  និង Agence Française de Développement ព្រមទាំងប្រទេសអង់គ្លេស ផងដែរ។

បើតាមប្រភពដដែលបាន ពន្យល់ពាក្យ អព្យាក្រឹតភាពកាបូន គឺជាពាក្យ ដែលប្រើដើម្បីពិពណ៌នាអំពីឥន្ធនៈមានជាតិកាបូន ដែលនៅពេលដុតនឹងមិនបង្កើនកាបូនឌីអុកស៊ីត នៅក្នុងបរិយាកាសនោះទេ។ ឥន្ធនៈទាំងនេះ មិនរួមចំណែក ហើយក៏មិនបន្ថយបរិមាណកាបូន (បានវាស់វែងនៅក្នុងការចេញឧស្ម័ន CO2) ចូលទៅក្នុងបរិយាកាសនោះដែរ។ កាបូនឌីអុកស៊ីតនៅក្នុងបរិយាកាស គឺជាអាហាររុក្ខជាតិដែលជារឿងល្អ ហើយវាក៏ជួយរក្សាភពរបស់យើងឱ្យក្តៅផងដែរ។ ប៉ុន្តែ CO2 ច្រើនពេកអាចនាំទៅរកបញ្ហាអាក្រក់ នោះគឺអ្វីដែលយើងហៅថា កម្ដៅផែនដី៕

ព្រភព៖ propertyarea.asia

ដោយ៖ មឿន ឌីណា (Moeun Dyna)