Register Already an agent ? Login

គម្រោងអភិវឌ្ឍឆ្នេរថ្មីប្រវែងជិត ៣គីឡូម៉ែត្រ នៅកែប ចាប់ពីផ្សារក្តាម ដល់ព្រៃកោងកាង សម្រេចបាន ៩០%ហើយ

កែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងឱ្យដឹងថា គម្រោងអភិវឌ្ឍឆ្នេរថ្មីប្រវែង ២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ទៅជារមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ សម្រេចបាន ៩០% ហើយ។ លោក បានបញ្ជាក់ឱ្យដឹងថា គម្រោងប្ដូរមុខមាត់ឆ្នេរភក់នៅក្រុងកែប នឹងបើកជាសាធារណៈនៅខែមេសា ឆ្នាំ២០២២នេះ។

លោក អភិបាលខេត្តកែប បានថ្លែងបន្តថា បច្ចុប្បន្ន រដ្ឋបាលខេត្តកែបកំពុងចាក់ដីចូលឆ្នេរដើម្បីធ្វើសួនច្បារ និងទុកដីសម្រាប់អនុវត្តគម្រោងនានាផ្សេងទៀត ខណៈការងារដាំដើមឈើ បង្កើតសួនច្បារ នឹងបញ្ចប់នៅមុនខែមេសាខាងមុខនេះ។

លោក សោម ពិសិដ្ឋបានថ្លែងបន្តទៀតថា តាមការគ្រោងទុកការងារអភិវឌ្ឍន៍ឆ្នេរថ្មីនេះ មានរយៈពេលជាង ៦ខែ ប៉ុន្តែដោយផ្អែកតាមការងារ គណៈកម្មធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់សមុទ្រកម្ពុជា ជំរុញឱ្យការងារអភិវឌ្ឍន៍ឆ្នេរថ្មីនេះ បញ្ចប់ឱ្យបានរួចរាល់ មុនចូលឆ្នាំខ្មែរ។

គួរបញ្ជាក់ថា គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នេះ ជាកិច្ចសហការរវាងរដ្ឋនិងឯកជន ដោយនឹងប្ដូរមុខមាត់ឆ្នេរភក់ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ដែលស្ថិតក្នុងភូមិថ្មីនៃក្រុងកែប ទៅជាឆ្នេរខ្សាច់ស្ដង់ដារ។ គម្រោងនេះ ត្រូវបានអនុវត្តកាលពីខែសីហា ឆ្នាំ២០២១ រួមមានរៀបចំកែលម្អឆ្នេរដែលមានទទឹងប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្ដោយប្រវែង ២៧០០ម៉ែត្រ ក៏ដូចជារៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រជាដើម។ គម្រោងនេះ ត្រូវបានបើកការដ្ឋាន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

ការកែលម្អនេះ សំដៅលើកកម្ពស់សោភ័ណភាព និងបរិស្ថាន ពីតំបន់មិនមានការអភិវឌ្ឍ ទៅជាតំបន់ទេសចរណ៍ ដើម្បីលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងតំបន់ និងប្រទេសជាតិ។ ថវិកាសម្រាប់អនុវត្តគម្រោងខាងលើនេះ បានមកពីការចូលរួមរបស់ម្ចាស់ដីនៅជាប់ឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួលបានដីប្រវែង ៥០ម៉ែត្រ បន្តពីព្រំដីកម្មសិទ្ធិខ្លួនឆ្ពោះទៅសួនច្បារ។

គួររម្លឹកថា យោងតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកែប កាលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការជាតិអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កំពុងសិក្សាទីតាំងគ្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ថ្មី ២កន្លែងបន្ថែមទៀត នៅក្នុងខេត្តកែប។

គណៈកម្មារអភិវឌ្ឍតំបន់ឆ្នេរ កំពុងពិចារណាទីតាំង ២កន្លែង រួមមាន៖ ១-ទីតាំងឆ្នេរខ្សាច់កំសាន្ត ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងទី២-ឆ្នេរខ្យាច់ធម្មជាតិអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)