Register Already an agent ? Login

រាជរដ្ឋាភិបាល គម្រោងសាងសង់កែលម្អផ្លូវជាតិលេខ៣១, ៣៣, ៤១ តភ្ជាប់ខេត្តកែប ជាមួយផ្លូវជាតិលេខ៣

កែប៖ នាពេលខាងមុខ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងសាងសង់កែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣ ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលថ្មីៗនេះ។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការថ្លែងខាងលើរបស់ លោក ស៊ុន ចាន់ថុល ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា ការតភ្ជាប់ផ្លូវទាំងនេះ ងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផល ឧស្សាហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តកែប កាន់តែច្រើនថែមទៀត ដែលនឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះ មានសកម្មភាពកាន់តែមានភាពមមារញឹក។

នៅក្នុងពិធីខាងលើ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានថ្លែងថា រដ្ឋបាលខេត្តកែប ខិតខំប្រឹងប្រែងក្នុងការកសាង ស្តារ និងជួសជុលឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ ការចាក់បេតុងកៅស៊ូ (AC) និងកៅស៊ូពីរស្រទាប់ស្តើង (DBST)ផ្លូវប្រប មាត់សមុទ្រ ការពង្រីកផ្លូវជាតិលេខ៣៣អា ផ្លូវក្រាលក្រួសក្រហម និងចាក់ខ្សាច់បន្ថែមថ្មីនៅឆ្នេរកំសាន្ត ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង។

លោក បានថ្លែងបន្តថា ក្នុងការធ្វើអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់នៅឆ្នេរលេងទឹក នៅផ្សារក្តាម មានអគ្គិសនីប្រើប្រាស់២៤ម៉ោងលើ២៤ម៉ោង មានទឹកស្អាតប្រើប្រាស់ ការរៀបចំសួនច្បារសាធារណៈ ដាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវ ដឹកនាំបំផុសធ្វើអនាម័យបរិស្ថាន លើកកម្ពស់សោភ័ណភាពសាធារណៈ ធ្វើឱ្យខេត្តមានភាពស្អាត និងស្រស់បំព្រងគ្រប់រដូវកាល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)