Register Already an agent ? Login

កម្ពុជា-ឥណ្ឌូណេស៊ី ចុះ MoU លើកិច្ចសហប្រតិបត្តិការទេសចរណ៍ តភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ

ព្រះសីហនុ៖ កម្ពុជា-ឥណ្ឌូណេស៊ី បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសគឺដើម្បីជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ» កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នាឱកាសបើកវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

អនុស្សរណៈនេះ លោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា និងលោក Sandiaga Salahudin Uno រដ្ឋមន្រ្តីទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ី បានចុះហត្ថលេខាជាមួយគ្នា ក៏មានប្រធានប្រតិភូឥណ្ឌូណេស៊ីចូលរួមជាសក្ខីភាពតាមរយៈប្រព័ន្ធវីដេអូខនហ្វើរិន ដោយមានលោកស្រី Verna Emeralda C. Buensuceso ផងដែរ។

អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឥណ្ឌូណេស៊ីនេះ មានគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងរួមគ្នាស្តារវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យបានឆាប់រហ័ស។

អនុស្សារណៈយោគយល់គ្នានេះដែរ គឺដោយផ្តោតលើរួមមាន៖

១-រួមគ្នាផ្សព្វផ្សាយ និងទីផ្សារនៅពិព័រណ៌ទេសចរណ៍ថ្នាក់តំបន់ និងអន្តរជាតិ។ ២-ផ្លាស់ប្តូរបទពិសោធន៍លើការរៀបចំផែនការ និងគ្រប់គ្រងគោលដៅទេសចរណ៍។ ៣-ជំរុញ និងលើកទឹកចិត្តផ្នែកឯកជន ដើម្បីវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍។

៤-ជួយគ្នាទៅវិញទៅមកលើការអភិវឌ្ឍធនធានមនុស្ស និងកសាងសមត្ថភាពដល់អ្នកជំនាញ។ ៥-ជំរុញកិច្ចសហប្រតិបត្តិការលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ សន្និសីទ ពិព័រណ៍ទេសចរណ៍ និងកិច្ចប្រជុំផ្សេងៗ។ ៦-ជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។

លោក រដ្ឋមន្រ្តីឥណ្ឌូណេស៊ី Sandiaga Salahudin Uno ក៏បានកោតសរសើរកម្ពុជាដែលបានដាក់ចេញ និងអនុវត្តនីតិវិធីស្តង់ដារ (SOP) និងវិធានសុវត្ថិភាពរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងឈានមុខគេក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំងអស់។

សូមបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំក្រោយ ឥណ្ឌូណេស៊ីនឹងរៀបចំព្រឹត្តិការណ៍រាត្រីឥណ្ឌូណេស៊ីនៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារព្រីនស៍ ថាម ខេត្តព្រះសីហនុ ដោយនឹងមានអ្នកចូលរួមប្រមាណ ២៥០នាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)