Register Already an agent ? Login

ក្រុមហ៊ុនធំៗចំនួន៣ ដាក់ទុនវិនិយោគទឹកប្រាក់សរុបជិត ២ពានលានដុល្លារ នៅភ្នំពេញ កោះកុង និងកំពត

ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន៣ បានដាក់ទុនវិនិយោគទឹកប្រាក់សរុប ១,៨១៨លានដុល្លារ មានដូចជា គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ នៅភ្នំពេញ គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើអានុភាព ១៥០MW នៅកោះកុង និងគម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង នៅខេត្តកំពត។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ បានបន្តឱ្យដឹងថា ក្រុមហ៊ុនទាំង៣ ដែលទទួលបានការចុះបញ្ជីជាស្ថាពរពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានដួចជា៖

១-ក្រុមហ៊ុន K.B.X INVESTMENT CO., LTD គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់ ដែលមានទីស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១២៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៣៧កន្លែង។

២-ក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០MW ដែលមានទីតាំងស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៥៨០កន្លែង។

៣-ក្រមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១,៣០០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៩០កន្លែង។

ជាមួយគ្នាដែរ ក៏មានក្រុមហ៊ុនចំនួន ៧ បានទទួលការចុះបញ្ជីស្ថាពរពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែររួមមាន៖

១-ក្រមហ៊ុន INDEPENDENCE CLOTHING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងស្ថិតនៅភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧១៤កន្លែង។

២-ក្រមហ៊ុន CAMBODIAN GUOXING YI QUN LANG PLYWOOD CO., LTD គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃក្តារបន្ទះ (ពីឈើនាំចូល និងឈើដាំដុះក្នុងស្រុក) ដែលមានទីតាំងស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៩២កន្លែង។

៣-ក្រមហ៊ុន MUTITA TEXTILE SOCIAL ENTERPRISE CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ៣.៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៤៩កន្លែង។

៤-ក្រមហ៊ុន HAOPAI DECORATION MATERIAL (CAMBODIA) CO., LTD គម្រោងវិនិយោគបង្កើតរោងចក្រផលិតការ៉ូជ័រ កម្រាលបាត ទ្រនាប់កម្រាលបាត និងជើងជញ្ជាំងជ័រ ដែលមានទីតាំងស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៩៤កន្លែង។

៥-ក្រមហ៊ុន TMH POULTRY CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃនិងវេចខ្ចប់សាច់ (មាន់ ទា ជ្រូក គោ) និង ផលិតម្ហូបអាហារ ដែលមានទីតាំងស្ថិតនៅភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២៦កន្លែង។

៦-ក្រមហ៊ុន ACADEMIC SOLAR ENERGY MFG CO., LTD: គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៨.២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៦៥កន្លែង។

៧-ក្រមហ៊ុន LONGFUITER ANLONG VENG ODDOR MEANCHEY AGRICULTURE PARK CO., LTD គម្រោងវិនិយោគកសិកម្មដំណាំចេកនិងដំណាំហូបផ្លែ ដែលមានទីតាំងស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានទុនវិនិយោគចំនួន ៥១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៨៦៧កន្លែង៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)