Register Already an agent ? Login

គម្រោងសាងសង់ពហុកីឡដ្ឋាន សម្តេចតេជោ ហ៊ុន សែន លើផ្ទៃដី ២៥ហិកតា ក្នុងខេត្តពោធិ៍សាត់ នឹងចាប់ផ្ដើមនៅខែក្រោយនេះ

ពោធិ៍សាត់៖ គម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER» ស្ថិតនៅក្នុងភូមិវាលវង់ ឃុំស្នាអន្សា ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដី ​២៥ហិកតា នឹងចាប់ផ្ដើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២២ ដែលមានតម្លៃលានដុល្លារ។ បើតាមការថ្លែងបញ្ជាក់ឱ្យដឹងពី លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង។

ការថ្លែងបញ្ជាក់ខាងលើ របស់ លោក កែវ រតនៈ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឃុំស្នាអន្សា ស្រុកក្រគរ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។

លោក កែវ រតនៈ បានថ្លែងបន្តថា មិនខុសពីឆ្នាំនេះទេ នឹងមានការបុគគ្រឹះសាងសង់ មជ្ឈមណ្ឌលពហុកីឡាដ្ឋាន សម្តេចតេជោ នៅវាលយន្តហោះសម្តេចយសនេះហើយ បច្ចុប្បន្ន យើងបានដោះស្រាយបញ្ហាទំនាស់ដីធ្លី និងបានដោះស្រាយសំណងផលប៉ះពាល់បានរួចរាល់ហើយដែរ។ លោក បញ្ជាក់ទៀតថា «សំណង់ពហុកីឡដ្ឋាននេះ នឹងក្លាយជាពហុកីឡដ្ឋានដែលធំជាងគេបង្អស់ សម្រាប់ភូមិភាគ រាប់គិតចាប់ពីខេត្តកំពង់ឆ្នាំង ដល់ខេត្តបាត់ដំបង»។

លោក បានថ្លែងបន្តទៀតថា យើងក៏បានឈូសឆាយចាក់ដីរួចរាល់ និងបន្តធ្វើរបងឱ្យបានឆាប់បំផុត មុននឹងឈានដល់ការសាងសង់។ ទន្ទឹមនឹងនោះ ក្រុមការងារ ក៏បាននឹងកំពុងត្រៀមរៀបចំធ្វើផ្លូវក្រាលកៅស៊ូ ប្រវែងជិត ៣គីឡូម៉ែត្រ នៅក្បែរនឹងទីតាំងពហុកីឡដ្ឋាននេះ តភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅវត្តសម្តេចយស ដែលគម្រោងនេះ នឹងចាប់ដំណើរនៅអំឡុងខែកុម្ភៈឆាប់ៗខាងមុខនេះ។

គួររម្លឹកថា កាលពីឆ្នាំ២០២១កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានឯកភាពគាំទ្រទាំងស្រុង ក្នុងការសាងសង់ពហុកីឡដ្ឋានថ្មីនេះឡើង ក្នុងឱកាសដែលសម្តេច បានអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការនី នៅរោងចក្រ សហគ្រាសនានា ក្នុងខេត្តពោធិ៍សាត់។

ពហុកីឡដ្ឋាននេះ សាងសង់ឡើងដើម្បីអភិវឌ្ឍវិស័យកីឡារបស់កម្ពុជា និងមួយផ្នែកទៀត សម្រាប់កម្ពុជាឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាតំបន់អាស៊ាន «Sea Game» នៅឆ្នាំ២០២៣។

ពហុកីឡាដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់ទះ ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវខ្វាត់ខ្វែង (៨ទៅ១០ម៉ែត្រ) វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក និងកន្លែងចតរថយន្ត។ល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)