Register Already an agent ? Login

ពហុកីឡដ្ឋាន ស្រុកភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់តម្លៃជាង ២៥ម៉ឺនដុល្លារ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ពោធិ៍សាត់៖ ពហុកីឡដ្ឋានថ្មី ស្រុកភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់តម្លៃនប្រមាណ ១០៣,២៣៣,៧០០រៀល (ជាង២៥ម៉ឺនដុល្លារ) បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងលោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ។

លោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ បានថ្លែងក្នុងពិធីខាងលើឱ្យដឹងថា ពហុកីឡដ្ឋានថ្មី ស្រុកភ្នំក្រវាញនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០១៨ មកម្ល៉េះ និងបញ្ចប់រួចរាល់ជាស្ថាពរ ក្នុងឆ្នាំ២០២១កន្លងទៅ ដោយចែកជាដំណាក់កាលៗ ក្រោមការឧបត្ថម្ភទាំងស្រុង ពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំក្រវាញ គ្រប់ជាន់ថ្នាក់។

លោកអភិបាលស្រុក បានថ្លែងបន្តថា ពហុកីឡាដ្ឋានថ្មីនេះ រួមមានតារាងបាល់ទាត់ចំនួន១ តារាងបាលទះចំនួន២ រោងបោះបូលចំនួន១ វេទិកា ចំនួន១ បន្ទប់ទឹក១ខ្នង ៤បន្ទប់ ប្រឡាយរំដោះទឹក២ខ្សែ លូបង្ហូរទឹក២កន្លែង ចាក់ដីធ្វើផ្លូវរត់អត្តពលកម្មជុំវិញតារាងបាលទាត់ ចាក់ដីសម្រាប់ចតរថយន្ត ម៉ូតូ ដែលត្រូវចំណាយអស់ថវិកាសរុប ១០៣,២៣៣,៧០០រៀល។

លោក ជាវ តាយ បានថ្លែងថា ពហុកីឡដ្ឋាននេះ ជាផ្នែកមួយនៃការអភិវឌ្ឍស្រុកភ្នំក្រវាញ បន្ថែមពីលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូច ផ្លូវ ថ្នល់ ស្ពាន និងសំណង់អាគារសាធារណៈជាដើម។ លោក បានបញ្ជាក់ថា ក្រៅពីនេះ រដ្ឋបាលខេត្តក៏នឹងផ្តល់ជូននូវអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃ ប្រភេទLED ជូនដល់ប្រជាពលរដ្ឋនៅទីប្រជុំជនស្រុកភ្នំក្រវាញ ក្នុងពេលដ៏ខ្លីខាងមុខផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)