Register Already an agent ? Login

ក្នុងឆ្នាំ២០២១ តម្លៃផលិតផលកសិកម្មសរុបមានទំហំ ១៨ពាន់លានដុល្លារ កើនប្រមាណ ៤៣ភាគរយ

ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ តម្លៃផលិតផលកសិកម្មសរុបមានទំហំ ១៨ពាន់លានដុល្លារ កើនប្រមាណ ៤៣% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០២០ ក្នុងនោះតម្លៃផលិតផលសរុបផ្នែកដំណាំមានទំហំ ១០.៥ពាន់លានដុល្លារ ផ្នែកសត្វមានទំហំ ៥.១ពាន់លានដុល្លារ ផ្នែកជលផលមានទំហំ ១.៧ពាន់លានដុល្លារ ផ្នែកព្រៃឈើមានទំហំជាង ៧៨.៦៣លានដុល្លារ ផ្នែកកៅស៊ូមានទំហំជាង ៦០៤លានដុល្លារ។ ដោយឡែក តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ២០២១ មានទំហំជាង ៥ពាន់លានដុល្លារ មានកំណើន ២៥% ធៀបទៅនឹងឆ្នាំ២០២០។ បើតាមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០។

កិច្ចប្រជុំខាងលើ លោក វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី បានថ្លែងបញ្ជាក់ថា ទោះជាមានសន្ទុះនៃការរីកចម្រើនយ៉ាងណាក្តី ក៏វិស័យកសិកម្មនៅជួបបញ្ហាប្រឈមជាច្រើនផងដែរ មានជាអាទិ៍ ផលិតភាពកសិកម្មនៅមានកម្រិតទាប គួបផ្សំនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ក៏មានការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងប្រទេសក៏ដូចជាការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មផងដែរ។

លោក រដ្ឋមន្រ្តី បានថ្លែងបន្តថា ម្យ៉ាងទៀត ការផ្ទេរបច្ចេកទេសកសិកម្មទំនើបដល់កសិករ នៅពុំទាន់បានគ្រប់គ្រាន់ស្របតាមសេចក្តីត្រូវការជាក់ស្តែងក្នុងបរិបទនៃការប្រែប្រួលបច្ចេកវិទ្យាទំនើប។ ការផ្គត់ផ្គង់ទឹកកសិកម្មនៅពុំទាន់គ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់របស់កសិករនៅឡើយ ពិសេសនៅពេលដែលកសិករជួបប្រទះគ្រោះរាំងស្ងួត។

លោក វេង​សាខុន បានថ្លែងបន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មដទៃទៀតដូចជាផ្លូវ កសិដ្ឋាន ដើម្បីសម្រួលការដឹកជញ្ជូនផលិតផលរបស់កសិករ ប្រព័ន្ធស្តុកទុក ឃ្លាំងសម្ងួត ឃ្លាំងត្រជាក់ នៅមិនទាន់បង្កើតបានគ្រប់គ្រាន់សម្រាប់ការធ្វើកសិ-ពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាព សម្រាប់បម្រើឱ្យការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ គួបផ្សំនឹងតម្លៃអគ្គិសនីផងដែរ។

នៅក្នុងកិច្ចប្រជុំខាងលើ លោក វេង សាខុន បានថ្លែងបន្ថែមថា លើសពីនេះទៀត កត្តាប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតបានវាយលុកមកលើផលិតកម្មដំណាំកសិកម្ម បញ្ហាជំងឺឆ្លងសត្វ និងការទន្ទ្រានកាន់កាប់ដីព្រៃឈើ ព្រៃលិចទឹកនៅតំបន់មួយចំនួននៅតែកើតមានដែលត្រូវតែចាត់វិធានការដោះស្រាយឱ្យបានខ្លាំងក្លាបន្ថែមទៀត។

ហេតុនេះ គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ដែលត្រូវបាននិងកំពុងរៀបចំឡើង លោក រដ្ឋមន្ត្រីបញ្ជាក់ថា គឺដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ព្រមទាំងមានសង្គតិភាពទៅនឹងឯកសារគោលនយោបាយ និងយុទ្ធសាស្ត្ររបស់អន្តរស្ថាប័នពាក់ព័ន្ធផ្សេងៗផងដែរ។

លោក បានថ្លែងបន្ថែមទៀតថា គោលដៅចម្បងដែលត្រូវសម្រេចឱ្យបានក្នុងគោលនយោបាយនេះគឺ៖ ១.បង្កើនតម្លៃបន្ថែមសរុបនៃវិស័យកសិកម្មឱ្យកើនយ៉ាងតិច ៣ភាគរយក្នុងមួយឆ្នាំ និង២.បង្កើនផលិតភាពពលកម្មកសិកម្មពី ១ ៩៨៦ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ដល់៤ ៦២៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០។

លោក វេង សាខុន បានលើកឡើងថា ជាមួយនេះដែរ ដោយអនុលោមតាមទិដ្ឋភាពរួមដូចបានរៀបរាប់ខាងលើ និងដើម្បីចូលរួមចំណែកកែលម្អសេចក្តីព្រាងចុងក្រោយនៃ គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ឱ្យមានលក្ខណៈល្អប្រសើរគ្រប់ជ្រុងជ្រោយតាមគោលបំណង និងគោលដៅរំពឹងទុកនោះ  អន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពជំនាញជាសេនាធិការត្រូវជួយជំរុញក្នុងន័យធ្វើយ៉ាងណាឱ្យប្រជាកសិករទទួលបានការគាំទ្រពីរដ្ឋនូវព័ត៌មានកសិកម្ម និងព័ត៌មានទីផ្សារ ដើម្បីផ្សារភា្ជប់ផលិតកម្មទៅនឹងតម្រូវការទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ព្រមទាំងជំរុញផលិតកម្មកសិផលតាមសក្តានុពលលក្ខណៈភូមិសាស្រ្តនៃតំបន់នីមួយៗដើម្បីប្រសិទ្ធភាព និងពិពិធកម្មសេដ្ឋកិច្ច។

លោក រដ្ឋមន្រ្តី បានថ្លែងជំរុញដូច្នេះថា ត្រូវបន្តពង្រឹងយន្តការផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលកសិកម្ម ស្របតាមស្តង់ដារឱ្យបានកាន់តែរឹងមាំដើម្បីបង្កើនជំនឿទុកចិត្តពីអ្នកពាក់ព័ន្ធទាំងអស់ ដោយមិនមើលរំលងអំពីការអនុវត្តយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ព្រមទាំងចូលរួមដោះស្រាយតាមភារកិច្ចនូវបញ្ហាប្រឈមទាំងឡាយ ដែលកសិករជួបប្រទះក៏ដូចជាការចូលរួមគាំទ្រការធានាចីរភាពបរិស្ថានស្របតាមគោលការណ៍ «អភិវឌ្ឍន៍បៃតង» និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសំដៅកាត់បន្ថយផលអវិជ្ជមានជាអតិបរមា មកលើកំណើនសេដ្ឋកិច្ច និងជីវភាពសង្គម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)