Register Already an agent ? Login

KOICA គ្រោងចំណាយថវិកា ១២៦លានដុល្លារ សម្រាប់គម្រោងចំនួន ១៦ នៅកម្ពុជា

ភ្នំពេញ៖ ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២១ ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា បានផ្ដល់ហិញ្ញប្បទានឥតសំណងប្រមាណ ៣១៦លានដុល្លារ។ បច្ចុប្បន្ន KOICA មានគម្រោងចំនួន ១៦ ជាមួយថកាប្រមាណ ១២៦.៥លានដុល្លារ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាបន្តថា លើសពីនេះ KOICA បានផ្ដល់កម្មវិធីសហប្របត្តិការជាច្រើន ដូចជា ការបញ្ជូនអ្នកជំនាញការ និងអ្នកស្ម័គ្រចិត្តកូរ៉េ កម្មវិធីបណ្ដុះបណ្ដាលរយៈណេលខ្លី និងកម្មវិធីអាហារូបករណ៍រយៈពេលវែង កម្មវិធីភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល និងការឧបត្ថមសម្ភារវិជ្ជសាស្រ្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋ​មន្ដ្រី និង​ជា​អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ជួប​ពិភាក្សា​កម្រិត​នយោបាយ​ជាមួយ​លោក Rho Hyunjun ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា តាម​ប្រព័ន្ធ​បញ្ជូន​រូបភាព និង​សម្លេង (Virtual Meeting)។ គោលបំណង​នៃ​កិច្ច​ប្រជុំ​គឺ​ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជាដៃ​គូ​របស់ KOICA នៅ​កម្ពុជា។

នៅក្នុងជំនួប លោក ឈៀង យ៉ាណារ៉ា ថ្លែងអំណរគុណ ចំពោះភាពជាដៃគូដ៏រឹងមាំរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ លោក រដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់ទីភ្នាក់ងារ KOICA ដែលបាននឹងកំពុងបន្តផ្ដល់ហិរញ្ញប្បទានឥតសំណងសម្រាប់ការអនុវត្តយ៉ាងច្រើននៅកកម្ពុជា និងជាពិសេស សហការចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈជំនួយសម្ភារវិជ្ជសាស្រ្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។

នៅក្នុងជំនួបនោះ លោក Rho Hyunjun បានបង្ហាញអារម្មណ៍សោមន្សរីករាយក្នុងការបំពេញបេសកម្មនៅកម្ពុជា និងបានសម្ដែងការកោតសរសើរចំពោះកិច្ចសហការដ៏ល្អរបស់ក្រសួង/ស្ថាប័នរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក​បានប្ដេជ្ញាបន្តពង្រឹកកិច្ចសហការ និងភាពជាដៃគូកាន់តែប្រសើរឡើងថឺមទៀត។ លោក ប្រធាន​ទីភ្នាក់ងារ KOICA បានបញ្ជាក់ជំហរបន្តការគាំទ្រដល់កម្ពុជា ដែលជាប្រទេសអាទិភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ៕

ដោយ៖ មឿន ឌីណា (MNoeun Dyna)