Register Already an agent ? Login

វឌ្ឍនភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប បានបញ្ចប់ ១០០%

សៀមរាប៖ វឌ្ឍនភាព គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប មានប្រវែងសរុប ១០៦.៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤៩លានដុល្លារ បានបញ្ចប់ការសាងសង់ ១០០% តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បច្ចុប្បន្ននៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពតែប៉ុណ្ណោះ។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន

របាយការណ៍ខាងលើបានបន្តថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប រួមមាន៖ ការងារស្ថាបនាកម្រាលផ្លូវដោយបេតុងសរសៃដែក ការងារកម្រាលផ្លូវដោយអ៊ុតបេតុងកៅស៊ូ (AC) ការងារប្រព័ន្ធបណ្ដាញលូមេទឹកភ្លៀង-ទឹកកខ្វក់ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារកម្រាលក្រានីត។

ដោយឡែក ការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ២០០ទីតាំង ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥០០៣ដើម ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ចំនួន ២០ទីតាំង ការងារដាំដើមឈើចំនួន ៣១២៥ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ជាលទ្ធផលសម្រេចបាន ៧២,៧៤%។ បើតាមរបាយការណ៍ដដែល។

គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងទីរួមខេត្តសៀមរាប មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

ការសាងសង់ត្រូវបានបែងចែកជា បួនប្រភេទ រួមមាន៖ ១-ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប ៣១.៧៧គីឡូម៉ែត្រ។ ២-ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ (AC) ពីលើកម្រាស់ ៥ ទៅ ៧សង់ទីម៉ែត្រ ប្រវែងសរុប ៧.៨៦គីឡូម៉ែត្រ។ ៣-ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ (AC) ពីលើកម្រាស់ ៥ ទៅ ៧សង់ទីម៉ែត្រ ប្រវែងសរុប ១៣.៧៣គីឡូម៉ែត្រ។ ៤-ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែកកម្រាស់ ២០ ទៅ ២៥សង់ទីម៉ែត្រ ប្រវែងសរុប ៥០.៨៦គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង ២.១៩គីឡូម៉ែត្រផងដែរ។

ដោយឡែក ការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប ២៤៨.៧២គីឡូម៉ែត្រ ការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុប ១៤៧.០០គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកកខ្វក់មានប្រវែង១០១.៧១គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន៖ ការងារបំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ។

កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ ២០២២ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូ វ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប។

ក្នុងដំណើរចុះពិនិត្យនេះ លោក រដ្ឋមន្ត្រី បានធ្វើដំណើរដោយថ្មើរជើង ដើម្បីពិនិត្យមើលការកែលម្អរង្វង់មូលស្វាយធំ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំកណ្ដែក ស្រុកបាគង ខេត្តសៀមរាប ផ្លូវសម្រាប់អ្នកធ្វើដំណើរដោយទោចក្រយានតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងក្រុងសៀមរាប ខឿនចិញ្ចើមផ្លូវដែលបានរៀបរួច គម្របលូនៅសងខាងផ្លូវ ការដាំដើមឈើនៅក្នុងសួនពុះទ្រូងចែកផ្លូវ និងផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ខ្សែនេះ ចំណាយពេលសាងសង់ចំនួន ១៣ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព របស់សម្ដេច តេជោ ហ៊ុន សែន។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន ៣៨ខ្សែ មានប្រវែងសរុប ១០៦.៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤៩ ២១៦ ៥៩៥ដុល្លារ ដោយក្នុងនោះចំនួន ៩លានដុល្លារ ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)