Register Already an agent ? Login

ដីក្នុងក្រុងកំពង់ចាម ៨ប្រភេទដែលត្រូវបង់ពន្ធជូនរដ្ឋ ក្នុងរង្វង់ចាប់ពី ១ដុល្លារ ទៅ៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ

កំពង់ចាម៖ ក្នុងការវាយតម្លៃប្រភេទដី នៅក្នុងក្រុងកំពង់ចាម មានដីរហូតដល់ ៨ប្រភេទ តម្រូវឱ្យត្រូវបង់ពន្ធជូនរដ្ឋ ក្នុងរង្វង់ចាប់ពី ១ដុល្លារ ទៅ៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ២០២២។ បើតាមមន្ត្រីជំនាញពន្ធដារខេត្តកំពង់

ចាម។

មន្ត្រីជំនាញពន្ធដារខេត្តកំពង់ចាម បានញ្ជាក់ថា «ចំពោះដីប្រភេទ១ ត្រូវបង់ពន្ធចំនួន ៦០០ដុល្លារ ក្នុងមួយម៉ែត្រក្រឡា គឺដីស្ថិតនៅជុំវិញផ្សារ និងផ្លូវមេ ក្នុងនោះរួមមាន៖ ផ្សារធំកំពង់ចាម ផ្សាររាត្រី សងខាងផ្លូវជាតិលេខ៧ថ្មី ចាប់ពីផ្លូវសូរិយាវរ្ម័នទី២ ដល់ស្ពានគីហ្សុណា ព្រំប្រទល់ស្រុកត្បូងឃ្មុំ សងខាងផ្លូវជាតិលេខ៧ចាស់។ ចាប់ពីកែងផ្លូវព្រះមុនីវង្សដល់កែងផ្លូវព្រះសីហនុ នៅមាត់ទន្លេសងខាងផ្លូវព្រះកេតុមាលា ចាប់ពីរង្វង់មូលផ្សារធំ ដល់សងខាងកែងផ្លូវសូរិយវរ្ម័នទី២ សងខាងផ្លូវព្រះកុសមៈនារីរ័ត្ន ចាប់ពីមុខសាលាខេត្ត ដល់ផ្លូវព្រះសីហនុ រួមទាំងតំបន់មួយចំនួនទៀត»។

ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានគូសបញ្ជាក់ថា សម្រាប់ដីនៅក្នុងក្រុងកំពង់ចាម ដែលមានចំនួន ៤សង្កាត់ ក្នុងនោះរួមមាន បឹងកុក កំពង់ចាម វាលវង់ និងសំបួរមាស គឺមានចំនួន ៨ប្រភេទ ហើយការបង់ពន្ធជូនរដ្ឋ គឺតំបន់ខ្លះត្រូវបង់ចាប់ពី ១ដុល្លារ រហូតដល់៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

លោក ចាន់ ផល្លី បានបន្តថា ជាក់ស្ដែង នៅក្នុងតារាងប្រភេទសំណង់ ដូចជាជាន់ក្រោមដី សំណង់សាងសង់ពីឥដ្ឋ បេតុងត្រូវបង់ ១៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ផ្ទាល់ដី ត្រូវបង់ ២២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ជាន់ទី១ ត្រូវបង់ ១៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ជាន់ទី២ ដល់ទី៥ បង់ ១៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ជាន់ទី៦ ដល់ទី១០ បង់ ៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងចាប់ពីជាន់ទី១១ ឡើងទៅ ត្រូវបង់ ៧០០ដុល្លារ។

បើតាមកិច្ចប្រជុំខាងលើ ដែលដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ដា បានថ្លែងថា យោងតាម​លិខិត លេខ១២២៤២ អ​ពន ចុះ​ថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២១ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ទើប​អាជ្ញាធរខេត្ត​កំពង់ចាម​ជួបជុំគ្នា​ដើម្បី ​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង តម្លៃ​អចលនទ្រព្យ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ។

លោក អភិបាលខេត្តបានថ្លែងបញ្ជាក់ថា កិច្ចប្រជុំនេះ ​ទី​១-គឺ​ដើម្បី​ប្រមូល​ពន្ធ​ប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​សមភាព។ ​ទី​២-ពិនិត្យ​ទៅលើ​ឧបសម្ព័ន្ធ ដែល​បាន​អនុវត្ត​នាពេល​បច្ចុប្បន្ននេះ សម្រាប់​កំណត់​នូវ​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ក្នុង​ខេត្តកំពង់ចាម ក្រែង​មាន​ភាពខ្វះ​ចន្លោះ​ដែល​ពាក់ព័ន្ធ​ទៅលើ​ផ្នែក ប្រែប្រួល​នៃ​តម្លៃ​អចលនទ្រព្យ​ផងដែរ។

​ទី​៣-ដើម្បី​ពិនិត្យ​និង​ពិភាក្សា​សម្រេច លើ​សេចក្តីព្រាង​អចលនទ្រព្យ ឧបសម្ព័ន្ធ​ថ្មី​នៃ​ការបែងចែក​ភូមិសាស្ត្រ​ថ្មី នៃ​តម្លៃ​អចលនទ្រព្យ កំណត់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ក្នុង​ខេត្តកំពង់ចាម​។​​ទី​៤-ក្រោយពី​ការប្រជុំ​ពិភាក្សាគ្នា​រួច សាខា​ពន្ធដារ​ខេត្ត និង​រៀបចំ​លិខិត ដាក់ជូន​គណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ៕​

ដោយ៖ មឿន ឌីណា (Moeun Dyna)