Register Already an agent ? Login

រយៈពេល២ឆ្នាំ ក្រសួងរៀបចំដែនដី ចេញលិខិតសាងសង់ជាង ៥ម៉ឺនគម្រោង ផ្ទៃក្រឡា ១៦៦លានម៉ែត្រការ៉េ ទឹកប្រាក់ ៦៦ពាន់លានដុល្លារ

ភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៥៧,៥៩០គម្រោង លើផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៦៦លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៦៦,២០៥លានដុល្លារ។ តាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី។

បើតាមរបាយការណ៍ខាងលើបានបន្តឱ្យដឹងថា នៅក្នុង២០២១ ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន ៤,៣០៣គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២,៩៩៨,០៧២ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៥,៣៣៣លានដុល្លារ បើធៀបនឹងឆ្នាំ២០២០ មានការថយចុះ ប្រមាណ ៣១.២១ភាគរយ។

នៅក្នុងបាយការណ៍ដដែលបានបន្តឱ្យដឹងទៀតថា ក្នុងចំណោមគម្រោងទាំងជាង៤ពាន់គម្រោងនោះរួមមាន៖

សមត្ថកិច្ចក្រសួងរៀបចំដែនដីមានចំនួន ៣៨៨គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១០,៤២លានម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៤២១៨លានដុល្លារ ធៀបនឹងឆ្នាំមុនថយចុះ ប្រមាណ៣៦,៥៧ភាគរយ។

សមត្ថកិច្ចរដ្ឋបាលរាជធានី/ខេត្ត មានចំនួន ៩១៥គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ២,៥៧៧,៧៨០ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនសរុបប្រមាណ ១១១៤លានដុល្លារ ធៀបនឹងឆ្នាំ២០២១ កើនឡើង ១.១៧ភាគរយ។

ទោះបីជា វិស័យសំណង់កម្ពុជា រងផលប៉ះពាល់ក្នុងវិបត្តិកូវីដ-១៩ក្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅតែបន្តចេញអាជ្ញាបណ្ណសាងសង់ដល់គម្រោងសំណង់ប្រមាណ ៤០០០គម្រោង ក្នុងឆ្នាំ២០២១នេះ។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ដដែល។

ក្នុងឆ្នាំ២០២១នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលបានចំណូលចូលថវិកាជាតិមានចំនួន ៤៧២,០៦៩ លានរៀល (ប្រមាណ ១១៨លានដុល្លារ) ដែលចំណូលនេះនឹងចូលរួមចំណែកដល់ការចំណាយរបស់រាជរដ្ឋាភិបាល ក្នុងកំឡុងវិបត្តិកូវីដ-១៩។

ចំណូលដែលក្រសួងរៀបចំដែនដី ទទួលបានក្នុងឆ្នាំ២០២១នេះ មានការថយចុះប្រមាណ ១៦២% បើធៀបនឹងឆ្នាំ២០២០កន្លងទៅ។ ក្នុងនោះដែរ ចំណូលពីរដ្ឋបាលកណ្ដាលមាន ១៣ç៦០៣ç២២៩ç៨០១លានរៀល (ប្រមាណ ៣.៤លានដុល្លា) ក្នុងនោះមានចំណូលពីសេវាសំណង់ទូទៅមានចំនួន ១១,៥២២លានរៀល ចំណូលបានមកពីសេវាសំណង់លើសសន្ទស្សន៍មានចំនួន ២,០៥០លានរៀល ចំណូលបានមកពីសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិកមានជិត ៨លានរៀល ចំណូលពីការជួសជុលអចលនវត្ថុមានចំនួន ២២.៥លានរៀល។

ចំណែកចំណូលរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់រាជធានី/ខេត្ត មាន ៤៥៨,៤៦៦លានរៀល (ប្រមាណ ១១៤លានដុល្លារអាមេរិក) ក្នុងនោះសេវាសុរិយោដីមាន ៦០ពាន់លានរៀល ៩ប្រមាណ១៥លានដុល្លារ) សេវាសំណង់ទូទៅមាន ៣២ពាន់លានរៀល (ប្រមាណ៨លានដុល្លារ) និងពន្ធប្រថាប់ត្រាពីអគ្គនាយកដ្ឋានពន្ធដារមានចំនួន ៣៦៥,៥៩ពាន់លានរៀល (ប្រមាណ៩១លានដុល្លារ)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)