Register Already an agent ? Login

ឥទ្ធិពលជំងឺកូវីដ-១៩ កម្លាំងពលកម្មស្ត្រី ក្នុងវិស័យទេសចរណ៍ បានធ្លាក់ចុះពី ៦០% មកនៅត្រឹមប្រមាណ ៤៧%

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២១ ដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ កម្លាំងពលកម្មស្ត្រី នៅក្នុងវិស័យទេសចរណ៍មានការថយចុះគួរឱ្យកត់សម្គាល់ ពោលគឺបានធ្លាក់ចុះពី ៦០% មកនៅត្រឹមប្រមាណ ៤៧% នៃកម្លាំងពលកម្មសរុបដែលកំពុងបម្រើការ។ បើតាមការថ្លែងបញ្ជាក់របស់ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេចរណ៍។

នៅកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ដែលធ្វើឡើងកាលពីថ្ងៃទី២៨​ ខែធ្នូ ឆ្នាំ២០២១ លោកស្រី ហ៊ុន ដានី បានថ្លែងបន្តថា ការធ្លាក់ចុះនេះបណ្តាលមកពីសេវាកម្មកម្សាន្តទេសចរណ៍មាន៖ ខារ៉ាអូខេ ក្លឹបកម្សាន្ត សេវាម៉ាស្សា ស្ប៉ា បៀរហ្គាឌិន ឌីស្កូតែក ដែលជាសេវាកម្មមានស្ត្រីបម្រើការងារច្រើនជាងគេ ក្នុងចំណោមសេវាកម្មទេសចរណ៍ត្រូវបានបិទ-ផ្អាកមិនឱ្យដំណើរការ។

លោកស្រី រដ្ឋលេខាធិការ បានថ្លែងបន្តទៀតថា ការបាត់បង់ការងារទាំងនោះបណ្តាលឱ្យស្ត្រីមួយចំនួនប្រឈមនឹងភាពក្រីក្រ និងអំពើហិង្សាជាងបុរស។ ប៉ុន្តែការណ៍ នេះមិនមែនចំពោះតែស្ត្រីនៅក្នុងវិស័យទេសចរណ៍កម្ពុជានោះទេ ទាំងស្ត្រីក្នុងតំបន់និងអន្តរជាតិផងដែរ។

ទន្ទឹមនេះ ដើម្បីស្តារឡើងវិញ គោលនយោបាយនិងកម្មវិធីនានារបស់ក្រសួងនៅតែបន្តជំរុញនិងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ និងមើលឃើញពីសក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យមួយនេះចំពោះសេដ្ឋកិច្ចជាតិ។ បើតាមការថ្លែងបន្ថែមរបស់ លោកស្រី ហ៊ុន ដានី បានលើកឡើងថា ក្រសួងបានយកឱកាសនៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីជំរុញចលនាទេសចរក្នុងស្រុក និងត្រៀមទទួលទេសចរអន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួចហើយ សំដៅធ្វើយ៉ាងណាឱ្យស្ត្រីទទួលបាននូវឱកាសការងារបន្ថែមទៀតពីវិស័យមួយនេះក្នុងឆ្នាំ២០២២ ខាងមុខ។

បើតាមកិច្ច​ប្រជុំនោះ លោកស្រី បានលើកឡើងបន្តថា ដើម្បីចូលរួមអនុវត្តគោលនយោបាយ «សមភាពយេនឌ័រ» ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្ត្របញ្រ្ជាបនិងលើកកម្ពស់យេនឌ័រក្នុងវិស័យរបស់ខ្លួនស្របតាមយន្តការជាតិ។

ដោយឡែកក្នុងបរិការណ៍កូវីដ-១៩ ក្រសួងទសេចរណ៍បានខិតខំតាមគ្រប់រូបភាព ដើម្បីជួយបង្កើនភាពអង់អាចដល់ស្ត្រីតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលទាំងក្នុងកម្រិតជាតិនិងតំបន់ ទាំងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ សំដៅជួយស្ត្រីឱ្យមានទាំងជំនាញទន់ និងជំនាញរឹងសម្របទៅតាមទីផ្សារការងារ និងក្លាយទៅជាអ្នកដឹកនាំនៅក្នុងអាជីវកម្ម សេវាកម្ម ព្រមទាំងត្រៀមខ្លួនសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍។ បើតាមការលើកឡើងបន្តទៀតរបស់ លោកស្រី រដ្ឋលេខាធិការ។

លោក ស្រី បានថ្លែងបន្ថែមទៀតថា ទន្ទឹមនឹងការងើបឡើងវិញនៃចលនាទេសចរក្នុងស្រុក មូលដ្ឋានអាជីវកម្មមួយចំនួនបានចាប់ផ្តើមបើកដំណើរការឡើងវិញ ដែលផ្តល់ឱកាសឱ្យបុគ្គលិកបានចូលបម្រើការរួមទាំងស្ត្រីផងដែរ។ ក្នុងន័យនេះស្រ្តីភាគច្រើនក៏បាននិងកំពុងបន្តការងារតាមបែបគន្លងថ្មី ហើយមួយចំនួនទៀតក៏បានងាកទៅឈោងចាប់យកមុខរបរផ្សេងក្នុងអន្តរកាលនៃវិបត្តិជំងឺកូវីដ-១៩៕

ដោយ៖ មឿន ឌីណា (Moeun Dyna)