Register Already an agent ? Login

ធនាគារ ប្រៃសណីយ៍កម្ពុជា វិនិយោគ ១០លានដុល្លារ លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ វិនិយោគ ១០លានដុល្លារ លើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ការវិនិយោគនេះ តំណាងមកក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) និងធនាគារប្រៃសណីយ៍កម្ពុជា បានហត្ថលេខា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតី របស់អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយក ក្រុមហ៊ុន OCIC។

ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្ដាល គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។ បច្ចុប្បន្ន សម្រេចបាន ២៨ភាគរយ ត្រូវនឹងទឹកប្រាក់សរុប ៣៧៥លានដុល្លារ (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួច ដោយ CAIC)។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។ បើតាមសេចក្ដីប្រកាសព័ត៌មាន ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានបន្តថា​ ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនាប្លង់ សាងសង់ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ។ បើតាម​​ប្រភពដដែល។

បើតាមប្រភពដដែលបានបន្ថែមថា ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគនៅ ប្រទសកម្ពុជា ដែលត្រូវបានបង្កើត ឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ុនវេសមិន ហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡីតុនហ្វាយណាន់សិល្យហូលឌី ង។

ធនាគារនេះ មានសន្ទុះនៃការអភិវឌ្ឍ និងរីកចម្រើនយ៉ាងខ្លាំងគិតត្រឹមរយៈពេលជាង ៨ឆ្នាំចុងក្រោយនេះ ដោយធនាគារមានចក្ខុវិស័យក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនគ្រប់ កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងនៃភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជានិរន្តរ៍ ដល់ភាគទុនិក បុគ្គលិក និងសង្គមផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)