Register Already an agent ? Login

ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ឥណ្ឌា មានទឹកប្រាក់សរុបជាង ២៧៤លានដុល្លារ កើនជិត ៥៨% រយៈពេល ១១ខែឆ្នាំ២០២១

ភ្នំពេញ៖ រយៈពេល ១១​ខែ ​ឆ្នាំ​២០២១ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង ​កម្ពុជា-ឥណ្ឌា មាន​ទឹកប្រាក់​សរុប ២៧៤.២​លាន​ដុល្លារ កើន ៥៧.២៧% ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០២០ មាន​ចំនួន ១៧៤.៣៥​លាន​ដុល្លារ​។ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបន្តថា ក្នុងនោះ ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​ឥណ្ឌា​មាន​ទឹកប្រាក់ ១១៣.៨៧​លាន​ដុល្លារ កើន ៩៩.១៦% ​ពី​ចំនួន ៥៧.១៧​លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​ឥណ្ឌា​មក​កម្ពុជា​វិញ ​មាន​ទឹកប្រាក់ ១៦០.៣២​លាន​ដុល្លារ កើន ៣៦.៨២% ​ពី​ចំនួន ១១៧.១៧​លាន​ដុល្លារ​។

នៅក្នុងរបាយការណ៍បានបន្តទៀតថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌា ក្នុង​រយៈពេល ១១​ខែ ឆ្នាំ​២០២១ មាន​ទឹកប្រាក់​ប្រមាណ ១១៣លាន​ដុល្លារ កើន ៩៩% ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០២០ ខណៈ​កំណើន​នេះ​ត្រូវបាន​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់ថា «ជា​សញ្ញា​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-ឥណ្ឌា ស្របពេល​ប្រទេស​ទាំង២ កំពុង​ចរចា​ដើម្បី​រៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ឥណ្ឌា​»។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានថ្លែងថា កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ឥណ្ឌា នឹង​អាច​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ក្នុងពេល​ឆាប់ៗ​នេះ ដែល​នឹងធ្វើ​ឱ្យមាន​ទីផ្សារ​កាន់តែ​ធំ​រវាង​កម្ពុជា និង​ប្រទេស​ឥណ្ឌា​។ លោក បានបន្តថា មាន​ក្រុមហ៊ុន​ឥណ្ឌា ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ដែរ ដោយបាន​វិនិយោគ​ស្ទើរ​គ្រប់​វិស័យ ​រួមមាន​ដូចជា៖ កសិកម្ម ឱសថ បរិក្ខារ​ពេទ្យ និង​ការនាំចូល​ឧបករណ៍​បច្ចេកវិទ្យា​។ ដោយឡែក​កម្ពុជា​នាំចេញ​ទៅ​ឥណ្ឌា​វិញ​រួមមាន ផលិតផល​កសិកម្ម សម្ភារ​វាយនភណ្ឌ​កាត់ដេរ និង​កាបូប​ជាដើម​។

បើតាម លោក ស៊ាង ថៃ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌា​មាន​ការកើនឡើង​ច្រើន​បើ​មើល​ជា​ភាគរយ។ លោក បានបន្តថា ប៉ុន្តែ​ទំហំ​ទឹកប្រាក់​នៅមានកម្រិត​ទាប​នៅឡើយ ព្រោះ​ទឹកប្រាក់​គ្រា​ដើម​ទាប ដោយ​កើន​ពី​ជាង ៥៧​លាន​ដុល្លារ​ទៅ ជាង ១១៣​លាន​ដុល្លារ ឯ​ការនាំ​ចេញទៅ​ជប៉ុន​ក្ដី កាណាដា​ក្ដី ភាគរយ​ទាប​ទេតែមាន​ចំនួន​ទឹកប្រាក់​ច្រើន​។

ភ្នំពេញប៉ុស្តិ៍ បានស្រង់សំដី លោក ស៊ាង ថៃ បន្តថា ​កំណើន​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ឥណ្ឌា ជា​សញ្ញា​ល្អ​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា-ឥណ្ឌា តែបើ​ប្រៀបធៀប​ជាមួយ​ទំហំ​ទីផ្សារ ការនាំចេញ​របស់​កម្ពុជា​ត្រូវ​រំពឹងថា នឹង​កើនឡើង​ថែមទៀត​នៅ​ឆ្នាំ​ខាងមុខ​។ លោក បានបន្តទៀតថា កន្លងទៅ​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្កើត​ក្រុមការងារ​ចរចា បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយនឹង​ប្រទេស​មួយចំនួន​មានដូចជា ចិន​ កូរ៉េ​ អង់គ្លេស​ អាមេរិក​ ជប៉ុន​ឥណ្ឌា​ ម៉ុងហ្គោលី និង​អឺរ៉ាស៊ី ជាដើម តែ​លទ្ធផល​នៃ​ការចរចា​មិនបាន​ដូចគ្នា​ទាំងអស់​ទេ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)